(សៀមរាប)៖ គ្រឹះស្ថានអង្គរ នឹងផ្លាស់ប្តូរ ប្រតិបត្តិការលក់បណ្ណ និងការត្រួតពិនិត្យបណ្ណទស្សនារមណីយដ្ឋានអង្គរ ដំណាក់កាលទី១ ចាប់ពីថ្ងៃទី៩ ខែតុលា។ គ្រឹះស្ថានអង្គរ បញ្ជាក់ថាការផ្លាស់ប្តូរនេះ គឺដើម្បីផ្តល់ពិសោធន៍ទស្សនារមណីយដ្ឋានអង្គរ កាន់តែប្រសើរដល់ភ្ញៀវទេសចរ។
ការកែទម្រង់ក្នុងដំណាក់កាលទី១ គ្រឹះស្ថានអង្គរ នឹងលុបចោលព័ត៌មានតម្រូវពីទេសចរអន្តរជាតិ ដូចជារូបថត សញ្ជាតិ ក្រុមអាយុ និងភេទ ចំពោះបណ្ណទស្សនារមណីយដ្ឋានអង្គររយៈពេល១ថ្ងៃ។ សម្រាប់បណ្ណចូលអង្គររយៈពេល៣ថ្ងៃ និង៧ថ្ងៃ គឺរក្សានូវរូបថត តែលុបចោលព័ត៌មានអំពីសញ្ជាតិ ក្រុមអាយុ និងភេទ។ គ្រឹះស្ថានអង្គរបញ្ជាក់បន្ថែមថា ការកែទម្រង់ដំណាក់ទី១នេះ នឹងអនុវត្តរហូតដល់ដំណាច់ឆ្នាំនេះ មុននឹងរាជរដ្ឋាភិបាល ប្រកាសនូវការកែទម្រង់ដំណាក់ទី២ នៅដើមឆ្នាំ២០២៥។
គ្រឹះស្ថានអង្គរ ក៏បានប្រាប់ឱ្យប្រតិបត្តិករទេសចរណ៍ផ្តល់ចំនួនទេសចរ ដែលបានកក់បណ្ណចូលទស្សនា រយៈពេល៣ និង៧ថ្ងៃ មុនការដាក់អនុវត្តដំណាក់កាលទី១ គ្រឹះស្ថានអង្គរ ក៏ណែនាំឱ្យប្រតិបត្តិករទេសចរណ៍ បញ្ជាក់ចំនួនភ្ញៀវ ដើម្បីគ្រឹះស្ថានអង្គររក្សាចំនួនបណ្ណសម្រាប់អ្នកទេសចរទាំងនោះ។
ក្រៅពីនេះ ការពិនិត្យបណ្ណចូលទស្សនានេះ ក៏ដូរពីការពិនិត្យនៅរមណីយដ្ឋានអង្គរទាំងមូល ទៅធ្វើនៅតាមប្រាសាទនីមួយៗវិញដែរ៕