Alynana Media Cambodia
Icon Collap
clinic narit

ក្រសួង​ការងារ នឹង​បើកកិច្ចប្រជុំ​ត្រីភា​គី ដើម្បី​ពិភាក្សាពី​​ប្រាក់​ឈ្នួល​គោល​កម្មករ​​កាត់ដេរ សម្រាប់​ឆ្នាំ2023

Admin Alynana | Aug 08, 2022
ក្រសួង​ការងារ នឹង​បើកកិច្ចប្រជុំ​ត្រីភា​គី ដើម្បី​ពិភាក្សាពី​​ប្រាក់​ឈ្នួល​គោល​កម្មករ​​កាត់ដេរ សម្រាប់​ឆ្នាំ2023
Clinic narith

(ភ្នំពេញ)៖ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នឹង​បើក​កិច្ចប្រជុំ​ត្រីភាគី​លើកដំបូង ដែលមាន​ការចូលរួម​ពី​សហជីព​តំណាង​ឱ្យ​កម្មករនិ​យោ​ជិត និង​សមាគម​តំណាងឱ្យ​និយោជក​ នា​ថ្ងៃទី ១៥ ខែសីហា​ ដើម្បី​ពិភាក្សា​ចរចា​ប្រាក់​ឈ្នួល​គោល​ក្នុង​វិស័យ​កាត់​ដេរ សម្រាប់​កម្មករ​នៅឆ្នាំ ២០២៣។

សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ការងារ បាន​ឱ្យ​ដឹងថា កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួ​លអប្បបរមា​អាណត្តិ​ទី ២ លើក​ទី ២ ឬ​កិច្ចប្រជុំ​ត្រីភាគី​នេះ នឹងធ្វើ​ឡើង​នា​ម៉ោង ៩ ព្រឹក​ នៅ​សាលប្រជុំ A នៃ​ទីស្តីការក្រសួង ដែលមាន​ការចូលរួម​ពី​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អ​ប្បរមា។

ក្រសួង បាន​បញ្ជាក់​ថា៖ «កិច្ចប្រជុំ​នេះ នឹងមាន​ការធ្វើ​បទ​បង្ហាញ​អំពី​បច្ចុប្បន្នភាព​ស្ថិតិ​នៃលក្ខណៈ​វិនិច្ឆ័យ​បែប​សេដ្ឋកិច្ច និង​សង្គម ក្នុងការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ ដោយ​លោក ហេង​ សួរ អ្នកនាំពាក្យ​ក្រសួង។ រួមទាំង​ការពិភាក្សា​របស់​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​ផង​ដែរ»​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួ​ល​អប្បបរមា នឹង​ជួបប្រជុំគ្នា​លើកដំបូង នៅ​ថ្ងៃទី ១៥ សីហា​ ដែលជា​ឱកាស​ឱ្យ​ភាគី​ទាំង ២ គឺ​តំណាង​ភាគី​និយោជក និង​កម្មករនិយោជិត បង្ហាញ​នូវ​ការសិក្សាស្រាវជ្រាវ និង​ទឡ្ហី​ករ​ណ៍របស់​ភាគីនីមួយៗ លើ​ល​ក្ខណៈ​វិនិច្ឆ័យ​ទាំង ៧ ​ក្នុងការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​។

លោក​បន្ថែម​ទៀត​ថា៖ «ដូច​រៀង​រាល់ឆ្នាំ និង​បញ្ញត្តិ​ក្នុង​ច្បាប់ គឺ​ភាគី​រាជ​រដ្ឋាភិបាល​ត្រូវ​បង្កើត​ឱ្យ​មាន​វេទិកា​ជួបគ្នា ត្រៀម​បំភ្លឺ និង​ធ្វើ​បទ​បង្ហាញ​ដល់​ភាគី​និយោជក និង​កម្មករនិយោជិត ប្រសិន​ជាមាន​សំណូមពរ និង​ភាពចាំបាច់។ ក្រសួង នឹង​ដើរតួ​ជា​អ្នកសម្រប​សម្រួល​ឱ្យអស់​លទ្ធភាព​លើ​ការចរចា​នេះ មុននឹង​លើក​លទ្ធផល​ចរចាគោរព​ស្នើសុំ​យោបល់​សម្រេច​ពី​ប្រមុខ​រាជ​រដ្ឋាភិ​បាល»

 

កាលពី​ឆ្នាំ ២០២១ លោកនា​យក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែម​ទឹកប្រាក់​ចំនួន ២ ដុល្លារ​បន្ថែមទៀត​ពីលើ​ទឹកប្រាក់​ចំនួន ១៩២ ដុល្លារ ដែល​បាន​ស្នើឡើង​ដោយ​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​យក​មក​អនុវត្ត​នៅក្នុង​ឆ្នាំ ២០២២ ហើយ​ប្រាក់​ឈ្នួល​គោល​ឆ្នាំ ២០២១ មាន​ចំនួន ១៩២ ដុល្លារ​ក្នុង ១ ខែ។

យ៉ាងណា​សម្រាប់​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ ២០២៣ ខាង​មុខ នៅ​មិនទាន់​ត្រូវបាន​បង្ហើប​តួលេខ​ឱ្យ​ដឹង​ពី​ភាគី​ទាំង ៣ នោះទេ បន្ទាប់ពីកាលពី​ឆ្នាំ ២០២១ កន្លង​ទៅ ភាគី​និយោ​ជក ធ្លាប់​បាន​កំណត់​តួលេខ ១៨៣,៤ ដុល្លារ រីឯ​និយោ​ជិត​កំណត់​តួលេខ ២១៤,២ ដុល្លារ ក្នុង ១ ខែ។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៧ សីហា​ថា កាលពី​ថ្ងៃទី ៤ សីហា ​ភាគី​សហជីពធំៗ តំណាង​ឱ្យ​កម្មករ​ជិ​យោ​ជិត​បាន​ជួបពិភាក្សា​គ្នា ជុំវិញ​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​ឆ្នាំ ២០២៣ ខាងមុខ។ ការជួបគ្នា​នេះ គឺ​ដើម្បី​ពិនិត្យមើល​ទៅលើ​លទ្ធផល​ស្រាវជ្រាវ​ពី​តម្រូវ​ការរស់នៅ ​និង​ការរៀនសូត្រ​អំពី​ការ​គណនា​ក្នុងការ​ដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ ២០២៣ ដោយ​ពិនិត្យ​ទៅលើ​បទដ្ឋាន​ច្បាប់​ពាក់ព័ន្ធ​មួយចំនួន។

លោក​បញ្ជាក់ថា៖ «យើង​កំពុង​ប្រមូល​តួលេខ​ផ្សេងទៀត​ពី​ភាគី​ពាក់ព័ន្ធ ដូចជា​ក្រសួង និង​ស្ថាប័ន​អន្តរជាតិ ​​ពេល​ទទួល​បាន​តួលេខ​បឋម​ហើយ តែ​យើង​មិនទាន់​អាច​បញ្ចេញ​បានទេ ដោយសារតែ​យើង​ខ្វះ​ឯកសារ​ខ្លះ ដើម្បី​ធ្វើការ​ផ្ទៀង​ផ្ទាត់។ យើង​រង់ចាំ​ក្រោយ​ថ្ងៃ ១៥ សីហា នៅពេល​ផ្ទៀងផ្ទាត់​រួច ក្រុម​សហជីព នឹង​មូលមតិ​គ្នា ជាមួយ​តួលេខ​ដែល​បាន​កំណ​ត់ ហើយ​នឹង​បញ្ចេញ​តួលេខ​ហ្នឹង»។

ជាមួយ​នឹង​ការសិក្សា​នេះ លោក អាត់ ធន់ បានបង្ហាញពី​ផល​វិជ្ជមាន ដែល​សហជីព ​អាច​សន្និដ្ឋាន​បាន​ថា ប្រាក់​ឈ្នួល​របស់​កម្មករ​ក្នុង​ឆ្នាំ ២០២៣ ខាងមុខ នឹង​ឡើង​បាន​ច្រើន​ជាង​មុន ដោយ​ផ្អែកលើ​កត្តា ៣ សំខាន់ៗ គឺទី ១ តម្រូវការ​របស់​​កម្ម​ករ​ក្នុងពេល​បច្ចុប្បន្ន​ខ្ពស់ជាង​មុន ដោយ​ត្រូវ​ចំណាយ​ច្រើនជាង​មុន ដែលជា​ហេតុ​តម្រូវឱ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​មុន។

លោក​បន្ត​ថា ទី ២ សហជី​ព មើល​ឃើញ​ថា ស្ថាន​ភាព​ក្នុង​វិស័យ​ឧ​ស្សហកម្ម វាយ​ន​ភណ្ឌ​កាត់ដេរ​នេះ គឺមាន​ដំណើរ​ការល្អ ដោយ​មាន​លក្ខណៈ​ប្រសើរ​ទាំង​ការនាំចេញ និង​ចង្វាក់​ផលិត​កម្ម និង​ទី ៣ គឺ ដោយសារតែ​ជា​ឆ្នាំ នៃ​ការបោះ​ឆ្នោត ដូច្នេះ​អ្នក​នយោ​បាយ គឺ​ត្រូវ​រៀបចំ​គោល​នយោបាយ​ជាច្រើន ដើម្បី​ទាក់ទាញ​ការគាំទ្រ ហើយ​ការដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ ក៏​ជា​ឱកាស​មួយ​ផង​ដែរ។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខា​ធិការរង​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) កាលពី​ថ្ងៃទី ៧ សីហា មិន​អាច​សុំ​ការអត្ថា​ធិប្បាយ​បាន​ទេ ដោយ​​ទូរស័ព្ទ​របស់​លោក​ពុំមាន​អ្នក​ទទួល​។

តាម​ការកំណត់​ក្នុង​កាលវិភាគ​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​នៃ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ការ​កំណត់​កិច្ចប្រជុំ​ជាក់​លាក់ ​ដើម្បី​សម្រេច​លើ​តួលេខ​ថ្មី​ណាមួយ នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​អំឡុង​ខែកញ្ញា មុន​នឹង​ការ​ប្រ​កាស​ជាផ្លូវការ​ចំពោះ​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ ​និង​ផលិត​ស្បែកជើង​នៅ​ឆ្នាំ​បន្ទាប់៕