មួយរយៈកាលនេះ Elon Musk ជួបបញ្ហាជាច្រើន ពោលទើបនឹងប្រកាសថ្មីថ្មោងពីការខាតបង់របស់ក្រុមហ៊ុន Twitter ដែលបាត់ចំណូលអស់ពាក់កណ្ដាល បន្ទាប់ពីលោកទិញយកក្រុមហ៊ុនមួយនេះក្នុងតម្លៃប្រមាណ ៤៤ពាន់លានដុល្លារ។យ៉ាងណា ក្រុមវិនិយោគិនជាច្រើនបានព្រមានមហាសេដ្ឋីអាមេរិកថា កុំទាន់ខ្វាយខ្វល់រឿង Twitter ហើយគួរងាកមកផ្ដោតជាមួយនឹងការងារនៅក្រុមហ៊ុន Tesla វិញ ដ្បិតក្រុមហ៊ុនគូប្រជែងកំពុងឡើងកូដខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
ប្រភពដដែលបន្ថែមថា បើទោះជាកន្លងមក Tesla លក់រថយន្តដល់ចំណុចខ្ពស់បំផុត ៤៦៦ ១៤០គ្រឿងក្ដី ប៉ុន្តែគូប្រជែងក្រុមហ៊ុន BYD ក៏លក់រថយន្តអគ្គិសនីបានច្រើនបំផុតផងដែរ ពោល ៣៥២ ១៦៣គ្រឿង ខណៈក្រុមហ៊ុនចិនមួយនេះទើបប្រឡូកលើវិស័យរថយន្តអគ្គិសនីប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។
សូមជម្រាបបន្ថែមថា ក្រៅពីក្រុមហ៊ុនចិន BYD ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ក៏មានគូប្រជែងជាច្រើនទៀតដូចជា GM និង Ford ជាដើម សុទ្ធតែកំពុងផ្ដោតលើការផលិតរថយន្តអគ្គិសនី ហើយក្រុមវិនិយោគិនសង្កត់ធ្ងន់ថា បើសិនជា Elon Musk នៅតែអើពើពីបញ្ហានេះ Tesla អាចនឹងកាន់តែខាតបង់ចំណូលបន្ថែមទៀត៕