Alynana Media Cambodia
Icon Collap
LeftSide2
Right2RightSideBar
Borey Vimean Samnang បុរី វិមានសំណាង
clinic narit

ទ្រព្យសម្បត្តិម្ចាស់ក្រុមហ៊ុន Evergrande ធ្លាក់ចុះជាង ៩០% កាលពីឆ្នាំ២០២២

Admin Alynana | Jan 25, 2023
ទ្រព្យសម្បត្តិម្ចាស់ក្រុមហ៊ុន Evergrande ធ្លាក់ចុះជាង ៩០% កាលពីឆ្នាំ២០២២
Clinic narith

(ចិន)៖ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Hui Ka Yan ប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ចិន Evergrande បានធ្លាក់ចុះជិត៩៣% ឯណោះគិតត្រឹមចុងឆ្នាំ២០២៧ ស្របពេលដែលក្រុមហ៊ុនអចលនទ្រព្យយក្សមួយនេះ បានហ៊ុមព័ទ្ធទៅដោយបំណុលវណ្ឌករាប់រយពាន់លានដុល្លារ។ ការស្រកចុះទ្រព្យសម្បត្តិដ៏សម្បើមបំផុត របស់អតីតមហាសេដ្ឋីទីពីរនៅអាស៊ីរូបនេះ បន្ទាប់ពីលោកបានប្រើប្រាស់ទ្រព្យសម្បត្តិដែលរួមមានទាំងផ្ទះ និងយន្តហោះផងនោះ លក់ខ្ទិចខ្ទី ដើម្បីដោះបំណុល និងបញ្ហាចាក់ស្រេះរាប់មិនអស់របស់ក្រុមហ៊ុនលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

មហាសេដ្ឋីចិន ​លោក Hui Ka Yan បានធ្លាក់​ចុះ​ទ្រព្យ​​សម្បត្តិពីចំណុចកំពូល ៤២ពាន់លានដុល្លារក្នុងឆ្នាំ​២០១៧ មកនៅត្រឹមប្រហែល ៣ពាន់លានដុល្លារ​ តែប៉ុណ្ណោះក្នុងឆ្នាំ២០២២។ ការរអិលធ្លាក់ចុះដ៏លឿននេះ គឺ​នៅ​ខណៈដែល​​​ក្រុមហ៊ុន Evergrande កំពុងជាប់បំណុលវណ្ឌក ដែលក្លាយ​​ជា​ក្រុមហ៊ុនជាប់បំណុលច្រើនបំផុត​នៅប្រទេសចិន ដែលមានរហូតដល់​ប្រមាណ​ ៣០០ពាន់លានដុល្លារ។

គួរដឹងថា ក្រុមហ៊ុនដែល​ជាបេះដូងនៃវិស័យអចលនទ្រព្យរបស់ចិនមួយនេះ បានចាប់ផ្តើម​មានបញ្ហារង្គោះរង្គើចាប់​តាំងពីឆ្នាំ​២០២១មក។ លោក Hui Ka Yan បាន​ប្រើប្រាស់​ទ្រព្យ​សម្បត្តិផ្ទាល់ខ្លួន ដើម្បីដោះស្រាយ​វិបត្តិរបស់​ក្រុមហ៊ុន ដោយរួមមានទាំងការលក់ផ្ទះ និង​យន្តហោះឯកជនរបស់លោកផងដែរ។

យ៉ាងណាមិញ ការលក់ទ្រព្យសម្បត្តិទាំងនេះ នៅមិនទាន់គ្រប់គ្រាន់ក្នុងការដោះស្រាយបំណុលនោះទេ ពោលគឺ​ក្រុមហ៊ុន Evergrande ​បាន​ខកខាន​មិន​បានទូទាត់សងបណ្ណបំណុល​ដល់អ្នកទិញ​បណ្ណបំណុល​​របស់ខ្លួន​កាលពីខែធ្នូឆ្នាំ​២០២១។

សូម​រំលឹក​ថា ក្រុមហ៊ុន Evergrande ដែលមានបុគ្គលិកប្រមាណ២០ម៉ឺននាក់​ ធ្លាប់ទទួលបានជោគជ័យខ្លាំង​ក្នុងការលក់អចលនទ្រព្យ​តម្លៃសរុបជាង១១០ពាន់លានដុល្លារ និង​គ្រប់គ្រងការភិវឌ្ឍជាង ១៣០០គម្រោង​ក្នុងទីក្រុងជាង២៨០។

ក្រុម​អ្នកវិភាគ​ មាន​ការបារម្ភ​ជាយូរមកហើយ​អំពី​ការដួលរលំ​របស់​ក្រុមហ៊ុនយក្ស​មួយនេះ ដែល​អាច​បង្ក​ហានិភ័យ​កាន់តែធ្ងន់ធ្ងរ​​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​​របស់ចិន ខណៈអចលនទ្រព្យ និងឧស្សាហកម្មពាក់ព័ន្ធ បាន​ចូលរួមចំណែក​ប្រហែល ៣០% ឯណោះ នៃ GDP របស់​ចិន។ មិនតែប៉ុណ្ណោះ វាក៏នឹង​ធ្វើឱ្យប៉ះពាល់​ដល់​អ្នកដែលបានទិញផ្ទះ​ពីក្រុមហ៊ុននេះ និង​ប្រព័ន្ធហិរញ្ញវត្ថុផងដែរ។

យោងតាមទិន្នន័យពីការិយាល័យជាតិស្ថិតិនៃ​ប្រទេសចិន​បានឱ្យដឹងថា ការវិនិយោគលើវិស័យអចលនទ្រព្យ​នៅក្នុងប្រទេស​ចិនបានធ្លាក់ចុះក្នុងអត្រាតួលេខ​ពីរខ្ទង់ឯណោះ ពោលគឺមានដល់១០%ក្នុងឆ្នាំ២០២២ បើប្រៀបធៀបនឹងឆ្នាំ២០២១ ដោយវាគឺជាការធ្លាក់ចុះលើកដំបូងគិតចាប់ពីឆ្នាំ១៩៩៩មក៕