កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី China Evergrande New Energy Vehicle Group បានរាយការណ៍ពីការខាតបង់សម្រាប់ឆ្នាំ ២០២១ និង ២០២២ ដែលមានរហូតដល់ ៧១,១២ពាន់លានយ៉ន់ ឬប្រមាណ ៩,៩៥ពាន់លានដុល្លារ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ក្រុមហ៊ុន NEV ទទួលរងព្យុះភ្លៀងខ្លាំង បន្ទាប់ពីក្រុមហ៊ុនមេ China Evergrande ផុងខ្លួនក្នុងរណ្ដៅបំណុលកាលពីពាក់កណ្ដាលឆ្នាំ ២០២១ ខណៈពួកគេធ្លាប់ទាំងព្រមានកាលពីខែមីនាថា ក្រុមហ៊ុនអាចបិទទ្វារ បើសិនមិនទទួលបានមូលនិធិគ្រប់គ្រាន់។
ប្រភពដដែលបន្ថែមថា កាលពីឆ្នាំ ២០២១ ក្រុមហ៊ុនមួយនេះរងការខាតបង់ ៥៦,២៧ពាន់លានយ៉ន់ ហើយបន្តខាតបង់ដល់ឆ្នាំ ២០២២ ដែលមានប្រមាណ ១៤,៨៥ពាន់លានយ៉ន់ ខណៈកាលពីឆ្នាំ ២០២០ ពួកគេខាតតែជាង ៧ពាន់លានយ៉ន់ប៉ុណ្ណោះ។សូមជម្រាបដែរថា ការខាតបង់ដ៏ធំនេះ អាចធ្វើឲ្យគម្រោងកែប្រែក្រុមហ៊ុន China Evergrande ពីក្រុមហ៊ុនអចលនទ្រព្យ ទៅជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី មានការជាប់គាំង ដ្បិតកាលពីចុងឆ្នាំ ២០២១ ប្រធានក្រុមហ៊ុន Hui Ka Yan ធ្លាប់សន្យាថា នឹងបង្វែរទិសដៅពីវិស័យអចលនទ្រព្យ មកប្រឡូកក្នុងវិស័យរថយន្តអគ្គិសនី ត្រឹមរយៈពេល ១០ឆ្នាំ៕