ភ្នំពេញ៖ប្រជាការពារខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នេះ បានលើកដៃសំពះ ក្រុមអ្នកតវ៉ាកុំអោយបិទផ្លូវសាធារណៈ ដោយធ្វើអោយប៉ះពាល់ដល់អ្នកធ្វើដំណើរ ។
បុគ្គលិកអតីតសណ្ឋាគារផ្កាយ៥ The Great Duke ជាច្រើន បានផ្ទុះការតវ៉ា នៅមុខសណ្ឋាគារ ដោយធ្វើការបិទផ្លូវម៉ៅសេទុងផងដែរ ដើម្បីទាមទារអោយម្ចាស់សណ្ឋាគារ ដោះស្រាយសំណងជូនពួកគាត់តាមច្បាប់ការងារ ដែលមានរយៈពេលជាង៥ខែមកហើយ ពុំទាន់មានលទ្ធផល ។
សូមជម្រាបថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ក្រុមប្រឹក្សាអាជ្ញាកណ្តាល នៃក្រសួងការងារ បានចេញសេចក្តីបង្គាប់ អោយម្ចាស់សណ្ឋាគារទូទាត់សំណងដល់កម្មករ៣ចំណុច ។
ទី១ ទូទាត់ប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ ដោយប្រាក់ឈ្នួលគោល បូកប្រាក់បន្ទាប់បន្សំ ។ ទី២ ប្រាក់ជួសឲ្យការជូនដំណឹង និង ទី៣ ប្រាក់ជួសឲ្យការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសេសសល់។
សណ្ឋាគារផ្កាយ៥ ដែលមានវ័យចំណាស់ ដែលជាអតីតសណ្ឋាគារ Inter-Continental Hotel ក្រោយមកប្តូរឈ្មោះទៅជា The Great Duke Phnom Penh នៅដើមឆ្នាំ២០១៨ បានប្រកាសបិទទ្វារឈប់ដំណើរការចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។ សណ្ឋាគារមួយនេះបើកនៅឆ្នាំ១៩៩៦ ជាកេរ្តិ៍តំណែលរបស់មហាសេដ្ឋី ថេង ប៊ុនម៉ា ៕