ប្រជាពលរដ្ឋគ្រប់រូបត្រូវបានឃាត់ចេញពីលំនៅដ្ឋានរបស់ខ្លួនជាដាច់ខាតអ្នកដែលល្មើសគឺអាចនឹងត្រូវរងការពិន័យជាទឹកប្រាក់ចន្លោះពី១លានរៀលដល់ទៅ២០រៀលនិងទោសជាប់ពន្ធនាគារចន្លោះពី៦ខែរហូតដល់ទៅ៥ឆ្នាំឯណោះ!។
គួរឲ្យដឹងដែរថាសាលារាជធានីភ្នំពេញនាយប់ថ្ងៃចន្ទបានកំណត់ដាក់សង្កាត់ស្ទឹងមានជ័យ១ស្ទឹងមានជ័យ២ស្ទឹងមានជ័យ៣នៃខណ្ឌមានជ័យ សង្កាត់ចោមចៅទី១នៃខណ្ឌពោធិ៍សែនជ័យ និងភូមិ១៤ ភូមិ១៦ និងភូមិ១៧ក្នុងសង្កាត់បឹងសាឡាងនៃខណ្ឌទួលគោកស្ថិតក្នុង«តំបន់ក្រហម»។
បើនិយាយពី«តំបន់ក្រហម»គឺជាតំបន់ភូមិសាស្រ្តដែលមានហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ១៩ខ្ពស់បំផុត។«តំបន់ក្រហម»នេះគឺតម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវតែស្ថិតក្នុងលំនៅដ្ឋានឬទីសំណាក់របស់ខ្លួនជាដាច់ខាតតែម្តង។ប៉ុន្តែក៏មានករណីលើកលែងដែរគឺការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ការទៅផ្តល់សំណាកធ្វើតេស្តរកជំងឺកូវី១៩និងការទៅចាក់វ៉ាក់សាំងដូសទី២នៅទីតាំងដែលជិតបំផុតក្នុង«តំបន់ក្រហម»។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់សាលារាជធានីភ្នំពេញ។
ចំណែកផ្សារនិងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគព្រមទាំងសកម្មភាពការងារមុខរបរនិងអាជីវកម្មទាំងអស់នៅក្នុង«តំបន់ក្រហម»វិញគឺត្រូវផ្អាកជាបណ្តោះអាសន្នលើកលែងតែសកម្មភាពការងារចាំបាច់មួយចំនួនរបស់រដ្ឋនិងការផ្គត់ផ្គង់តម្រូវការផ្នែកសុខាភិបាលនិងតម្រូវការប្រចាំថ្ងៃចាំបាច់សម្រាប់ការរស់នៅរបស់ពលរដ្ឋក្នុង«តំបន់ក្រហម»តែប៉ុណ្ណោះដោយមានឯកសារបញ្ជាក់ច្បាស់លាស់និងមានការអនុញ្ញាតពីអាជ្ញាធរជាចាំបាច់។
សកម្មភាពទាំងនេះ មានជាអាទិ៍ សេវាពន្លត់អគ្គិភ័យ ផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត សេវាសង្រ្គោះបន្ទាន់ និងសេវាសុខាភិបាលរដ្ឋ និងឯកជន ដោយរួមទាំងឱសថស្ថានជាដើម។ចំពោះការធ្វើដំណើរចេញ ចូល និងឆ្លងកាត់តំបន់នេះវិញ គឺត្រូវហាមឃាត់ទាំងអស់តែម្តង លើកលែងតែការធ្វើដំណើររបស់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម ការធ្វើដំណើរទាក់ទងនឹងសកម្មភាពចុះចែកជំនួយសង្រ្គោះបន្ទាន់ការធ្វើដំណើររបស់មន្រ្តីសុខាភិបាលរដ្ឋ និង ឯកជននិងការធ្វើដំណើរដែលចាំបាច់បំផុតមួយចំនួនទៀត។ចំពោះអ្នកដែលមិនគោរពតាមបម្រាមវិញ អាជ្ញាធររាធានីភ្នំពេញនឹងឃាត់ទុកមធ្យោបាយធ្វើដំណើរបណ្តោះអាសន្ននិងរងទណ្ឌកម្មរដ្ឋបាលដទៃទៀត។ ប៉ុន្តែចំពោះអ្នកល្មើសគឺអាចប្រឈមនឹងផាកពិន័យជាទឹកប្រាក់ពី១លានរៀលទៅ៥លានរៀល ហើយត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពីចន្លោះពី៦ខែទៅ៣ឆ្នាំនិងពិន័យបន្ថែមទៀតពី២លានរៀលទៅ១០លានរៀលបើសកម្មភាពបំពាននាំឱ្យមានការចម្លងជំងឺកូវីដ១៩ទៅអ្នកដទៃ។
លើសពីនេះទៅទៀត គឺនឹងត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាទឹកប្រាក់ពី៥លានរៀលទៅ២០លានរៀល បើសកម្មភាពបំពានបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។សូមបញ្ជាក់ជូនថា បើទោះនៅក្នុង«តំបន់ក្រហម» ផ្សារ និងទីកន្លែងលក់អាហារ និងគ្រឿងឧបភោគបរិភោគត្រូវបានបិទក៏ដោយ ។ក៏ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យក្រសួងពាណិជ្ជកម្មរៀបចំសម្របសម្រួលឱ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូននិងចែកចាយស្បៀងព្រមទាំងគ្រឿងឧបភោគបរិភោគដើម្បីលក់ឱ្យប្រជាពលរដ្ឋដោយអនុវត្តសេវាលក់តាមប្រព័ន្ធទូរស័ព្ទឬអនឡាញនិងការដឹកជញ្ជូនដល់មុខផ្ទះ។
រដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាឱ្យអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ក្នុង«តំបន់ក្រហម»ចាត់ចែងជាបន្ទាន់នូវជំនួយសង្រ្គោះបន្ទាន់ដល់ប្រជាពលរដ្ឋងាយរងគ្រោះក្រីក្រនិងជួបការលំបាកក្នុងជីវភាព។រហូតដល់ម៉ោង០១:០០ថ្ងៃត្រង់ថ្ងៃទី ២០ មេសា ២០២១ យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៤៣១នាក់(ឆ្លងសហគមន៍៤២៩និងនាំចូល២) និងមានជាសះស្បើយ៣១នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន៧៤៤៤នាក់ចំនួនសំរាកពេទ្យ ៤៨៣៥នាក់និងចំនួនជាសះស្បើយសរុបកើន២៥៥៥នាក់ និង ស្លាប់ថ្មី៤នាក់សរុបស្លាប់៤៩នាក់ ។ ជំងឺកូវីដ-១៩នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយដែរ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥៕