កំពត៖ រដ្ឋបាលខេត្តកំពត ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ ១៩ រហូតដល់ ១៣៣ នាក់បន្ថែមទៀត និងបានអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ខណៈខេត្តនេះមានអ្នកស្លាប់ដោយសារជំងឺកូវីដសរុបរហូតដល់ ១៧ នាក់។
រដ្ឋបាលខេត្តកំពតបានឱ្យដឹងថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាកមេរោគកូវីដ ១៩ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ថ្មីចំនួន ១៣៣ នាក់ (ស្រី ១១៨ នាក់) នៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២១។
សេចក្តីជូនដំណឹងបន្តថា គិតត្រឹមថ្ងៃទី ០១ ខែកក្កដា ខេត្តកំពតមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ១ ៦៥២ នាក់ កំពុងសម្រាកព្យាបាលចំនួន ៦៨២ នាក់ ជាសះស្បើយចំនួន ៩៥៣ នាក់ និងស្លាប់ចំនួន ១៧ នាក់។
ទន្ទឹមនឹងនេះដែរ រដ្ឋបាលខេត្តកំពតអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធសូមធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល ខណៈក្រុមឆ្លើយតបបន្ទាន់បាន និងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះជាបន្តទៀត។
ក្នុងន័យនេះ ប្រសិនបើមានបញ្ហាសុខភាព សូមអញ្ជើញមកយកសំណាកនៅវិទ្យាល័យព្រះបិតាជាតិ ឬមន្ទីរពេទ្យបង្អែក។
រដ្ឋបាលខេត្តកំពត សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ កុំ ៣ ការពារ៕