Alynana Media Cambodia
Icon Collap
clinic narit

ថវិកា​​ជាង ៧០៥ លាន​រៀល និង​ជាង ២០ម៉ឺន​ដុល្លារ​ ត្រូវបាន​សប្បុរសជន​ជាង ២ម៉ឺន​នាក់បរិច្ចាគ​ជូន​​មូលនិធិ​គន្ធបុប្ផា​កម្ពុជា

Admin Alynana | Aug 12, 2022
ថវិកា​​ជាង ៧០៥ លាន​រៀល និង​ជាង ២០ម៉ឺន​ដុល្លារ​ ត្រូវបាន​សប្បុរសជន​ជាង ២ម៉ឺន​នាក់បរិច្ចាគ​ជូន​​មូលនិធិ​គន្ធបុប្ផា​កម្ពុជា
Clinic narith

(ភ្នំពេញ)៖ ថវិកា​សរុប​ជាង ៧០៥ លាន​រៀល និង​ជាង ២១ ម៉ឺន​ដុល្លារ​អាមេរិក ត្រូវបាន​សប្បុរសជន​ជាង ២ ម៉ឺន​នាក់ បាន​ចូលរួម​បរិច្ចាគ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​រួមមាន​សមាជិក​កិត្តិយស​, សមាជិក​គាំទ្រ​, សប្បុរសជន​ផ្សេងៗ ព្រមទាំង​ថវិកា​បរិច្ចាគ​តាម​ហិប​គោលដៅ​មួយចំនួន។​

​យោងតាម​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បានឱ្យដឹងថា ក្នុង​ខែ​កក្កដា ឆ្នាំ ២០២២ នេះ​, មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ទទួល​ថវិកា​បរិច្ចាគ​សរុប​ចំនួន ៧០៥១៤០ ១០០ រៀល និង ២១២ ២៣៣ ដុល្លារ​អាមេរិក ពី​សប្បុរសជន​សរុប ១៩ ៨៦៤ រូប។​

​ជាមួយគ្នានេះ មូលនិធិ គន្ធបុប្ផា​កម្ពុជា ក៏​ទទួលបាន​ថវិកា​ចំនួន ៨០ ២៨៦ ដុល្លារ​អាមេរិក ពី​ការ​កាត់​កម្រៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ របស់​គ្រឹះស្ថាន​អង្គរ សម្រាប់​ត្រីមាស​ទី ២ ឆ្នាំ ២០២២។​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បានលើកឡើង​ដោយ​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​សប្បុរសជន​ទាំងអស់ ចំពោះ​ការបន្ត​គាំទ្រ និង​ចូលរួម​ចលនា​កៀរគរ​អំណាយ ឧបត្ថម្ភ​ធន និង​វិភាគទាន ដើម្បី​ធានា​ចីរភាព​នៃ​ប្រភព​ចំណូល​សម្រាប់​ទ្រទ្រង់ ផ្នែក​ហិរញ្ញវត្ថុ​ចំពោះ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង ៥ ទីតាំង។

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​បញ្ជាក់ថា ៖ «​ការបរិច្ចាគ​នេះ​នឹង​ធ្វើឱ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង ៥ ទីតាំង អាច​ដំណើរការ​ជា​ប្រក្រតី ប្រកបដោយ​និរន្តរភាព ក្នុង​ការបន្ត​ការផ្តល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទារក និង​កុមារ ដោយ​ឥតគិតថ្លៃ និង​ប្រកបដោយ​គុណភាព ដែល​បម្រើ​ដល់​គោលនយោបាយ​លើក​កម្ពស់​សុខុមាលភាព​សង្គម របស់​រាជរដ្ឋាភិបាល»។​

 

​ជាមួយគ្នា​នេះដែរ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក៏​សូម​បន្ត​លើក​ទឹកចិត្ត​ដល់​សប្បុរសជន ទាំង​ក្នុង និង​ក្រៅប្រទេស ចូលរួម បរិច្ចាគ​ចូល​ជា​សមាជិក​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​មាន ២ ប្រភេទ​គឺ​៖
(១) សមាជិក​កិត្តិយស បរិច្ចាគ​ចាប់ ពី ២០ លាន​រៀល​ឬ ៥ ០០០ ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ ឬ (២) សមាជិក​គាំទ្រ បរិច្ចាគ ចាប់ពី ៥ ០០០ រៀល ក្នុង​មួយខែ ឬ ៦០ ០០០ (​ហុកសិប​ពាន់​) រៀល ក្នុង​មួយឆ្នាំ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព ក្នុង​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ» ។​

​ការបរិច្ចាគ​នេះ មាន​តាមរយៈ​បណ្តា​ធនាគារ​ដៃគូ​ដែល​រួមមាន ORIMI ABA, ACLEDA, Canadia, Chip Mong, Sathapana, Wing, Vattanac, J Trust Royal, ARDB, Cambodian Public និង​ភ្នាក់ងារ True Money ឬ​តាមរយៈ​លេខ​ទូរសព្ទ ០៦១ ៧០ ៩៩ ៩៩៕