យោងតាមសារព័ត៌មាន CNA ក្រុមតវ៉ាប្រឆាំងរដ្ឋាភិបាលដែលរៀបចំរួមគ្នាដោយគណបក្សប្រឆាំង សហជីព និងក្រុមសង្គមស៊ីវិល បានព្យាយាមចូលទៅកណ្តាលក្រុងដែលជាវិមានរបស់ប្រធានាធិបតី និងទីតាំងក្រសួងផ្សេងទៀត ក៏ប៉ុន្តែដំណើរក្បួនត្រូវបានរារាំងដោយប៉ូលិស។
លេខាធិការសហភាពគ្រូបង្រៀន Ceylon លោក Joseph Stalin បាននិយាយថា «ប្រជាជនស្ទើរតែមិនអាចមានអាហារ៣ពេលសម្រាប់ទទួលទានក្នុងមួយថ្ងៃ ហើយរដ្ឋាភិបាលមិនបានធ្វើអ្វីដើម្បីជួយប្រជាជន ក្រៅពីការយកពន្ធកាន់តែច្រើនឡើងនោះទេ។ ពួកយើងត្រូវការដំណោះស្រាយ ហើយយើងនឹងបន្តប្រយុទ្ធដើម្បីពួកគេ»។
នៅក្នុងឆ្នាំនេះ ប្រទេសស្រីលង្កាបានផុងខ្លួនយ៉ាងជ្រៅទៅក្នុងវិបត្តិហិរញ្ញវត្ថុ ដែលបង្កឱ្យប្រជាជនចំនួន២២លាននាក់របស់ខ្លួនជួបការលំបាកក្នុងការចំណាយលើការនាំចូលសំខាន់ៗផ្សេងៗ រួមទាំងប្រេងឥន្ធនៈ អាហារ ឧស្ម័នចម្អិន និងថ្នាំពេទ្យជាដើម។ ចាប់តាំងពីពេលនោះមក ការតវ៉ាធំៗជាច្រើនត្រូវបានធ្វើឡើង ដែលបានទម្លាក់អតីតប្រធានាធិបតី លោក Gotabaya Rajapaksa កាលពីខែកក្កដា។
ក្រោយមក លោក Ranil Wickremesinghe ក៏បានក្លាយជាប្រធានាធិបតីបន្ទាប់ ដោយលោកសន្យាថា នឹងបង្ហាញគម្រោងថវិកាដំបូងនៅថ្ងៃទី១៤ ខែវិច្ឆិកា ដែលទំនងជារួមបញ្ចូលការបង្កើនពន្ធ និងកំណែទម្រង់ផ្សេងទៀតដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ និងលទ្ធផលពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់ថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារអាមេរិក។ ទោះជាយ៉ាងណា គម្រោងបង្កើនពន្ធនេះ កំពុងតែបង្កឱ្យមានការមិនសប្បាយចិត្តជាសាធារណៈ។
សមាជិកជាន់ខ្ពស់របស់គណបក្សប្រឆាំង Samagi Jana Balawegaya (SJB) លោក Eran Wickramaratne បាននិយាយថា «មនុស្សគ្រប់រូបត្រូវតែស្ថិតក្នុងច្បាប់។ នោះគឺជាលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែរដ្ឋាភិបាលនេះ បាននិងកំពុងប្រើប្រាស់ច្បាប់ប្រឆាំងភេរវកម្មដើម្បីគាបសង្កត់មេដឹកនាំបាតុកម្ម ហើយរឿងនេះត្រូវតែបញ្ឈប់» ហើយ «អ្នករាល់គ្នាត្រូវតែក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាលនេះ។ យើងត្រូវតែតស៊ូដើម្បីសិទ្ធិរបស់ពួកយើង»៕