អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយ
ល្ខោនខោល គឺជារបាំដ៏ចំណាស់មួយរបស់ប្រទេសកម្ពុជា ដែលក្រៅពីឈ្មោះថាល្ខោនខោល ក៏មានអ្នកខ្លះហៅថាជាល្ខោនពាក់របាំងមុខផងដែរ ហើយល្ខោនមួយនេះមានដើមកំណើតមុនសម័យអង្គរឯណោះ មិនត្រឹមតែប៉ុណ្ណោះ វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើម ក្នុងអំឡុងប្រហែលសតវត្សរ៍ទី៩ តាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងប្រាសាទអង្គរជាច្រើន។
បើតាមសៀវភៅ «ទស្សនីយភាពខ្មែរ» អត្ថាធិប្បាយថា ពាក្យថា «ខោល» ឬ «ល្ខោនខោល» បើតាមសង្ឃដីការបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានកត់ទុកក្នុងវចនានុក្រមខ្មែរ បោះពុម្ពផ្សាយដោយពុទ្ធសាសនាបណ្ឌិត្យឆ្នាំ១៩៦៧ ត្រង់ទំព័រ១០២ថា៖ ខោលគឺជាពួកល្ខោនប្រុស រឿង«រាមកេរ្តិ៍ »។ ចំពោះលោកហ្សក សឺដេស វិញ បើតាមប្រសាសន៍របស់លោកដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានស្រង់យកមកចុះក្នុងកម្រងសិក្សាកថា «Annale de l’ URBA No 1» បោះពុម្ពឆ្នាំ១៩៦៧ ត្រង់ទំព័រ១៥៧ថា៖ Le mot Khol serait celui queles Cambodgiens emploient pour désigner une variété des grands singes។ ដូច្នេះសម្រាប់លោកសឺដេស ល្ខោនខោលគឺជា «ល្ខោននៃរបាំស្វា»។
គួររម្លឹកថា អង្គការ យូណេស្កូ UNESCO បានសម្រេចដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ នៅក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការ ការពារសម្បត្តិបេតិកភណ្ឌ វប្បធម៌អរូបី របស់អង្គការយូណេស្កូ កាលពីថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង ព័រល្វី (Portlouis) នៃសាធារណៈរដ្ឋ ម៉ូរីស (Maurice)៕