ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារថា ចំណូលពន្ធដែលបានប្រមូលប្រកបដោយភាពជោគជ័យ និងមាននិរន្តរភាព គឺបានផ្តើមចេញពីការកែទម្រង់ និងការបន្តកសាង ពង្រឹងសមត្ថភាពធនធានមនុស្ស គ្រប់ផ្នែក និងគ្រប់កម្រិត តាមមុខងារ និងតួនាទីភារកិច្ច។
ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុងបឋកថា ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះថា នៅក្នុងរយៈពេល ១០ ឆ្នាំ កន្លងមកនេះ ការកែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារ បានបន្តអនុវត្តដោយមុតស្រួច និងមានភាពប្រទាក់ក្រឡាជាមួយអង្គភាពពាក់ព័ន្ធ ជាពិសេសជាមួយអង្គភាពប្រយុទ្ធប្រឆាំងអំពើរពុករលួយ ក្នុងគោលដៅជំរុញអនុវត្តការងារប្រកបដោយតម្លាភាព និងយុត្តិធម៌ ជាក់ស្តែងកម្មវិធី បឋកថា ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងអំពើរពុករលួយនេះ គឺជាការពង្រឹងបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់អគ្គនាយកដ្ឋានពន្ធដារបម្ថែនទៀត អំពីអភិបាលកិច្ចសល្អ។
ឯកឧត្តម បន្តថា ជុំវិញបញ្ហានេះ ប្រសិនគ្មានការចូលរួម គាំទ្រគ្រប់ផ្នែកនៃស្ថាប័នពាក់ព័ន្ធ អគ្គនាយកដ្ឋានពន្ធដារ ប្រាកដជាមិនបានជោគជ័យនោះឡើយ ក្នុងនោះកត្តាជោគជ័យនៃការកែទម្រង់ប្រមូលចំណូលពន្ធ គឺអង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមចំណែកយ៉ាងធំ ដែលធ្វើឲ្យអគ្គនាយកដ្ឋានពន្ធដារ បន្តការប្រមូលចំណូលប្រកដោយនិរន្តរភាព។
បឋកថាថ្ងៃនេះ គឺជាការបន្តកសាង ជាមន្រ្តីស្អាតស្អំ ក្នុងការអនុវត្តការងារប្រកបដោយតម្លាភាព ភាពគ្មានការកេងប្រវ័ញ្ច ឬការកិបកេងប្រាក់ចំណូលផ្សេងៗជាដើម នឹងធ្វើឲ្យការប្រមូលចំណូលរបស់ពន្ធដារ សម្រេចបានដោយជោគជ័យនូវបេសកកម្មជូនជាតិ មាតុភូមិ៕