(ភ្នំពេញ)៖ ស្ពានដែកបេឡេឫស្សីកែវឆ្លងកាត់ទន្លេសាបរវាងខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានបើកចរាចរណ៍ឡើងវិញហើយ ក្រោយពីផ្អាកការធ្វើដំណើរមួយរយៈ។ ដោយឡែកសាឡង់ដែលមានបញ្ហានោះ គឺនៅដដែលមិនទាន់ស្ទូចយកចេញនៅឡើយនោះទេ។
យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញប្រាប់អោយដឹងថា បន្ទាប់ពីបានជួសជុលស្ពានដែកបេឡេឫស្សីកែវឆ្លងកាត់ទន្លេសាបបានបញ្ចប់ និងបានធ្វើតេស្តិ៍សុវត្ថិភាពរួចរាល់ ចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ តទៅស្ពានដែកបេឡេនឹងដាក់អោយយានយន្តធ្វើចរាចរជាធម្មតាឡើងវិញ។
សូមរំលឹកអោយដឹងថា ស្ពានដែកបេឡេនេះត្រូវបានផ្អាកឱ្យចរាចរតាំងពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ មកម្ល៉េះ មូលហេតុដោយសារមានសាឡង់បូមខ្សាច់មួយគ្រឿង បានធ្វើដំណើរមកពីខាងមាត់ទន្លេ (ព្រះបរមរាជវាំង) រហូតមកដល់ស្ពានបេឡេ សាឡង់នោះបានបើកផុតស្ពានប្រហែលជាង ២០០ម៉ែត្រហើយ ប៉ុន្តែដោយសារទឹកហូរខ្លាំង ហើយគាប់ជួនមានបញ្ហាម៉ាស៊ីនខូចទៀត ទើបបណ្តាលឱ្យសាឡង់រេប៉ះសសរស្ពានបេឡេបណ្តាលឱ្យទ្រេតសសរស្ពាន៕