តាមគម្រោងផ្លូវនេះប្រើប្រាស់រយៈពេលសាងសង់ ៣០ ខែ ហើយគ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២២ ប៉ុន្តែដំណើរការសាងសង់យឺតយ៉ាវជាងផែនការគ្រោងទុក។ ក្រុមហ៊ុនកូរ៉េដែលទទួលបន្ទុកសាងសង់លើកពីបញ្ហាកូវីដ ទើបធ្វើឲ្យការសាងសង់មានភាពយឺតយ៉ាវ។
បន្ថែមពីភាពយឺតយ៉ាវ ក្រុមហ៊ុនរបស់កូរ៉េដែលទទួលខុសត្រូវសាងសង់ផ្លូវជាតិលេខ ២ និង ២២ ក៏ធ្លាប់បានរដ្ឋមន្រ្តីក្រសួងសាធាណរការនិងដឹកជញ្ជូនព្រមាន ដោយសារពិនិត្យឃើញសាងសង់គ្មានគុណភាព។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានរិះគន់ក្រុមហ៊ុនស្ថាបនាផ្លូវលេខជាតិ ២ និងលេខ ២២ លើភាពយឺតយ៉ាវនិងការសាងសង់គ្មានគុណភាព។ លោករដ្ឋមន្រ្តីប្រកាសនឹងមិនទទួលយកផ្លូវដែលគ្មានគុណភាព ហើយតម្រូវឲ្យក្រុមហ៊ុនកែលម្អជាថ្មី តាមស្តង់ដាបច្ចេកទេសដែលបានព្រមព្រៀងគ្នា។
គម្រោងស្ថាបនាផ្លូវជាតិលេខ ២ និង ២២ ទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូងចំណាយថវិកាជាង ៥៦,១ លានដុល្លារ។ មានប្រវែងសរុបចំនួន ៦២,៥៦ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលតាខ្មៅដល់អូរចំបក់ (រង្វង់មូលក្រុងដូនកែវ) ខេត្តតាកែវ និងផ្លូវជាតិលេខ ២២ មានប្រវែងសរុបចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោមផ្លូវជាតិលេខ ៣៕