រដ្ឋាភិបាលប្រទេសសិង្ហបុរី បានសម្រេចកាត់ទោសប្រហារជីវិតដោយព្យួរកបុរសម្នាក់ ពីបទជួញដូរកញ្ឆាបរិមាណជាង១គីឡូក្រាម មិនទទួលយកការសុំអង្វរកពីគ្រប់ភាគីណាឡើយ។
អ្នកទោសសិង្ហបុរីរូបនេះ មានឈ្មោះថា Tangaraju Suppiah អាយុ ៤៦ ឆ្នាំមុខរបរជាម្ចាស់ហាងម៉ាតលក់ទំនិញខ្នាតតូចមួយនៃប្រទេសសិង្ហបុរី។ នៅថ្ងៃពុធទី ២៦ ខែមេសា ឆ្នាំ២០២៣នេះ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា គាត់ត្រូវបានកាត់ទោសប្រហារជីវិតដោយមិនអាចប្រកែកបានដោយវិធីព្យួរកក្នុងទីក្រុង។ បុគ្គលនេះ ត្រូវបានចោទពីបទ ជួញដូរកញ្ឆាជាង ១ គីឡូក្រាម (២.២ ផោន) ក្នុងឆ្នាំ ២០១៣ ដែលជាកម្រិតដ៏សែនច្រើនបំផុតមួយសម្រាប់រដ្ឋាភិបាលសិង្ហបុរីក្នុងការដាក់ទោសប្រហារជីវិតតាមរបៀបច្បាប់តឹងរ៉ឹងបង្រ្កាបគ្រឿងញៀន។
បើទោះបីជាមានការសុំអង្វរ ឬអន្តរាគមន៍ពីភាគីគ្រួសារ ក៏ដូចជាសកម្មជនសិទ្ធិមនុស្ស រួមទាំងមហាសេដ្ឋីអង់គ្លេស Richard Branson ក៏ដោយ Tangaraju Suppiahនៅតែមិនអាចរួចខ្លួនពីទោសបានឡើយ។ រដ្ឋាភិបាលសិង្ហបុរីបានឆ្លើយតបវិញថា Branson កំពុងជ្រៀតជ្រែករឿងមិនពិត និងមិនគោរពប្រព័ន្ធយុត្តិធម៌របស់សិង្ហបុរី។ “តុលាការរបស់ខ្លួនបានចំណាយពេលជាងបីឆ្នាំហើយដើម្បីពិនិត្យករណីនេះ មិនមែនចេះតែធ្វើលំៗនោះទេ” ហើយការអះអាងរបស់លោក Branson គឺពិតជា “មិនពិត”។
គួរឲ្យដឹងផងដែរ ប្រទេសសិង្ហបុរីបានប្រហារជីវិតមនុស្សចំនួន ១១នាក់កាលពីឆ្នាំមុន ហើយថាទោសប្រហារជីវិតគឺជាការរារាំងដ៏មានប្រសិទ្ធភាពប្រឆាំងនឹងគ្រឿងញៀន ដែលប្រជាជនភាគច្រើនគាំទ្រគោលនយោបាយនេះ៕