ភ្នំពេញ៖ មេដឹកនាំអាស៊ាន បានចេញសេចក្ដីថ្លែងការរួមមួយដោយអំពាវនាវឱ្យជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់។ មិនតែប៉ុណ្ណោះ មេដឹកនាំអាស៊ាន ក៏បានបង្ហាញការគាំទ្រលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានរិះគន់លើការវាយប្រហារមន្រ្តីជំនួយមនុស្សធម៌អាស៊ាន នៅមីយ៉ាន់ម៉ា។
ការចេញសេចក្ដីថ្លែងការណ៍នេះ តាមរយៈកិច្ចប្រជុំកំពូលចង្អៀតនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅថ្ងៃទី១១ខែឧសភា ឆ្នាំ២០២៣នេះ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។
ចំណែកមេដឹកនាំអាស៊ាន នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១០ ខែឧសភា ក្រោយកិច្ចប្រជុំកំពូលលើកទី៤២ នៅក្នុងក្រុង Labuan Bajo ខេត្ត East Nusa Tenggara ក៏បានគាំទ្រសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី និងបានជំរុញឱ្យអ្នកប្រព្រឹត្តិអំពើនោះត្រូវតែទទួលខុសត្រូវ។
ទន្ទឹមនេះមេដឹកនាំអាស៊ាន បានអំពាវនាវជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់ផងដែរ ដើម្បីស្តារដំណើរការសន្តិភាពនៅក្នុងប្រទេស។ «មេដឹកនាំមានក្តីបារម្ភយ៉ាងខ្លាំងលើអំពើហិង្សានៅមីយ៉ាន់ម៉ា និងជំរុញឱ្យមានការបញ្ឈប់បទឈប់បាញ់រាល់ទម្រង់ និងការប្រើប្រាស់កម្លាំងទ័ព ដើម្បីបង្កើតបរិយាកាសសុវត្ថិភាព និងអាចផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលា»។ មេដឹកនាំអាស៊ាន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី១០ ខែឧសភា។
លើសពីនេះ មេដឹកនាំអាស៊ាន បានបញ្ជាក់ពីការគាំទ្រប្រធានអាស៊ាន ក្នុងការរក្សាទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាទាំងអស់ និងការលើកទឹកចិត្តឱ្យអនុវត្តការឯកភាព ៥ចំណុច។ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុង Labuan Bajo ខេត្ត East Nusa Tenggara រួចមកនៅព្រឹកថ្ងៃដដែលនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាកចេញពីក្រុង Labuan Bajo ខេត្ត East Nusa Tenggara ក្នុងដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៕