នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា លោកនឹងលាឈប់ពីឆាកនយោបាយ ប្រសិនបើគណបក្សបង្រួបបង្រួមជាតិថៃ (UTN) របស់លោក
មិនទទួលបានអាសនៈសភាគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលក្នុងការបោះឆ្នោតថ្ងៃអាទិត្យទី១៤ខែឧសភាទេនោះ។
លោក ប្រាយុទ្ធ បានប្រកាសបែបនេះនៅស្រុក Pak Phanang ខណៈពេលលោកធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
លោកថ្លែងថា “បេក្ខជនគណបក្សនៅគ្រប់មណ្ឌលគឺសំខាន់សម្រាប់ខ្ញុំ។ ប្រសិនបើយើងឈ្នះត្រឹមអាសនៈមណ្ឌលមួយចំនួនតូច ខ្ញុំនឹងត្រលប់ទៅផ្ទះវិញហើយសម្រាក”។
លោកបន្ត “យើងត្រូវឈ្នះអាសនៈសភាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដូច្នេះយើងអាចបង្កើតរដ្ឋាភិបាលដ៏រឹងមាំមួយ ដែលអាចធ្វើការបានលឿនជាងមុន”។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា “ប្រជាជនបានជឿទុកចិត្តខ្ញុំម្តងហើយនៅក្នុងការបោះឆ្នោតលើកមុន។ ដូច្នេះ សូមទុកចិត្តខ្ញុំម្តងទៀតនៅក្នុងការបោះឆ្នោតថ្ងៃអាទិត្យ”។
គួរបញ្ជាក់ថា យោងតាមការស្ទង់មតិនាពេលថ្មីៗនេះ, គណបក្សរបស់លោកប្រាយុទ្ធ ទទួលបានសំឡេងគាំទ្រត្រឹមតែ ១២,១ ភាគរយប៉ុណ្ណោះក្នុងការបោះឆ្នោត។
ទន្ទឹមនោះ គណបក្សភឿថៃ របស់កូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រោះតែគោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បបរមា៕