កាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែឧសភា ប្រទេសវៀតណាម បានចោទប្រកាន់នាវាស្ទង់ភូមិសាស្រ្តរបស់ចិន និងនាវាអមដំណើរថា បានរំលោភលើអធិបតេយ្យរបស់ខ្លួន ហើយទាមទារឲ្យទីក្រុងប៉េកាំង ដកនាវាចេញពីដែនទឹករបស់ខ្លួន។
វៀតណាម និងចិន បានជាប់គាំងក្នុងជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង ជាយូរយារណាស់មកហើយ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វៀតណាម សូមទាមទារឲ្យចិនដកនាវា Xiang Yang Hong 10 នាវាឆ្មាំសមុទ្រចិន និងនាវានេសាទចេញពីដែនទឹករបស់វៀតណាមជាបន្ទាន់”។
សេចក្តីថ្លែងការណ៍ខាងលើបន្ថែមថា “វៀតណាម បានទាក់ទងជាមួយចិនជាច្រើនដង ហើយអនុវត្តវិធានការស្របតាមច្បាប់អន្តរជាតិនិងច្បាប់វៀតណាម ដើម្បីធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វៀតណាម”។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតចិននៅទីក្រុងហាណូយ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
លើសពីនេះ កាលពីសប្តាហ៍មុន ប្រទេសវៀតណាម ក៏បានរិះគន់ទង្វើថ្មីៗរបស់នាវាស្រាវជ្រាវចិន នៅក្នុងតំបន់តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ផងដែរ។
ប៉ុន្តែចិនអះអាងថា ការស្រាវជ្រាវវិទ្យាសាស្ត្រ គឺជាសកម្មភាពធម្មតានៅក្នុងតំបន់ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ចិន៕