យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃព្រហស្បតិ៍ទី១ខែមិថុនា, នាង គីម យ៉ូជុង ដែលត្រូវជាប្អូនស្រីរបស់មេដឹកនាំ គីម ជុងអ៊ុន បាននិយាយថា ផ្កាយរណបចារកម្មយោធារបស់ប្រទេសកូរ៉េខាងជើង នឹងចូលទៅក្នុងគន្លងតារាវិថីក្នុងពេលឆាប់ៗនេះ ហើយប្តេជ្ញាថា ទីក្រុងព្យុងយ៉ាងនឹងបង្កើនការឃ្លាំមើលយោធា។
នាង គីម ដែលជាមន្ត្រីដ៏មានឥទ្ធិពលម្នាក់ នៅក្នុងជួររដ្ឋាភិបាល បាននិយាយថា “យើងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសកម្មភាពអ្វីក៏ដោយដែលអាច ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន”។
ការលើកឡើងរបស់នាង កើតឡើងបន្ទាប់ពី ការបាញ់បង្ហោះផ្កាយរណបកូរ៉េខាងជើងកាលពីថ្ងៃពុធទី៣១ខែឧសភា ត្រូវទទួលបរាជ័យ។
នៅក្នុងការទទួលស្គាល់ដ៏កម្រ អំពីការបរាជ័យរបស់កូរ៉េខាងជើង, សារព័ត៌មាន KCNA បានរាយការណ៍ថា រ៉ុកកែតដឹកផ្កាយរណបឈ្លបយកការណ៍យោធា ដែលគេស្គាល់ថា Malligyong-1 បានធ្លាក់ចូលសមុទ្រ បន្ទាប់ពីឧបទ្ទវហេតុមួយបានកើតឡើង។
ទោះបីជាយ៉ាងណាក៏ដោយ ការបាញ់បង្ហោះនេះ បានទទួលរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក៕