សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី ដែលធ្វើឡើងនៅ The Premier Center Sen Sok នៅព្រលប់ថ្ងៃទី១០ ខែមិថុនា ថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងជាប្រធានកិត្តិយស សម្តេចសូមគាំទ្រការបង្កើតឱ្យមានសមាគមនេះឡើង និងសូមផ្តាំផ្ញើដល់សមាគមឧកញ៉ាកម្ពុជា និងបណ្តាឧកញ៉ាទាំងអស់ គប្បីលៃលកយ៉ាងណា ត្រូវអនុវត្តឱ្យបានល្អខ្ជាប់ខ្ជួននូវប្រការចំនួន ៣។ចំណុចសំខាន់ៗ៣ ដែលសម្តេចតេជោ ហ៊ុន សែន សូមផ្តាំផ្ញើនោះ គឺមានដូចខាងក្រោម៖
១. បន្តរក្សាកិត្តិស័ព្វ កិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូរដ៏ឧត្តុងឧត្តមរបស់ខ្លួន ក្នុងគោរមងារជាឧកញ៉ា ស័ក្តិសមត្រូវបានព្រះមហាក្សត្រទ្រង់ផ្តល់សេចក្តីទុកព្រះទ័យត្រាស់បង្គាប់ផ្តល់គោមងារជា ឧកញ៉ា អ្នកឧកញ៉ា ដោយប្រកាន់យកឥរិយាបថ ប្រពៃថ្លៃថ្នូរ ជាគម្រូដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស គ្រប់ជំនាន់។
២. ប្រកៀកស្មារគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការត្រួសត្រាយ និងកាច់ចង្កូតនាវាកម្ពុជា ឈានឆ្ពោះទៅរកភាពរុងរឿង ដោយចូលរួមឱ្យបានយ៉ាងសកម្ម ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិយើង តាមសកម្មភាពផ្សេងៗ ពិសេសក្នុងបេសកកម្មកាត់បន្ថយភាពក្រីក្រ និងជួយយកអាស្សាប្រជាជនទីទាល់លំបាក។
៣. ចូលរួមទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ វឌ្ឍនភាពជាតិ ឧត្តមភាពជាតិ និងការពារឱ្យបានដាច់ខាតនូវឧត្តមប្រយោជន៍ជូនជាតិ មាតុភាព ពិសេសជួយផ្គត់ផ្គង់អុកស៊ីសែនបន្ថែមដល់ប្រព័ន្ធអេកូឡូស៊ី សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា តាមរយៈបង្កើតធុរកិច្ចបន្ថែម ឬការចាប់ដៃគូធុរកិច្ច ឬការប្រាស្រ័យទាក់ទងធុរកិច្ច ឬសមាគមវិនិយោគបរទេសធំៗ ឱ្យមកបណ្តាក់ទុននៅកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត ពោលគឺបំពេញតួនាទីឱ្យបានល្អ ស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេស របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បន្ថែមលើនេះ សូមចូលរួមឱ្យបានសកម្ម ពិសេសលើការធ្វើទំនើបកម្ម និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច តាមរយៈការជំរុញបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ ទាំងក្នុងវិស័យផលិតកម្ម និងសេវាកម្ម ឱ្យស្របតាមបរិកានៃបដិវត្តកម្មឧស្សាហកម្មជំនាន់ទី៤ ព្រមទាំងចូលរួមលើកកម្ពស់ទំនួលខុសត្រូវសង្គម របស់សាជីវកម្ម ឱ្យកាន់តែច្រើនថែមទៀត។
ទទឹមនឹងនេះ សម្តេចតេជោ សូមណែនាំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជិតស្និទជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើជាដៃគូដ៏ល្អជាមួយសមាគមឧកញ៉ាកម្ពុជា ដើម្បីសម្រេចបាននូវផែនការសកម្មភាព ៣ឆ្នាំរំកិល ដែលបានកំណត់នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ស្តីពីភាពជាដៃគូក្នុងជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ជាថ្មីម្តងទៀត សម្តេចតេជោសូមចែករំលែកនូវអារម្មណ៍រំភើបរីករាយ ប្រកបដោយមោទនភាពជាទីបំផុត ដែលសមាគមនេះ ត្រូវបានបង្កើតឡើងស្របពេលដែលរាជរដ្ឋាភិបាលកំពុងត្រូវការដៃគូសហការជាយុទ្ធសាស្ត្រ ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា នេះជាសាក្ខីកម្ម បញ្ជាក់ឱ្យឃើញពីចំណងមេត្រីភាពយ៉ាងរឹងមាំ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក៏ដូចជាការរួបរួមគ្នាវិញជាធ្លុងមួយ រវាងភាគីទាំងពីរក្រោមម្លប់ត្រឈឹងត្រឈៃនៃសុខសន្តិភាព និងបុព្វហេតុជាតិមាតុភូមិ និងការអភិវឌ្ឍដ៏យូរអង្វែងនៅកម្ពុជា។ សម្តេចតេជោ សង្ឃឹមយ៉ាងមុតមាំថា សមាគមឧកញ៉ាកម្ពុជា នឹងក្លាយជាថ្នាលសាបព្រោះ និងជាមូលដ្ឋានគ្រឹះនៃបណ្តាញទំនាក់ទំនងសហការ ដៃគូធុរកិច្ច និងវិនិយោគធំៗនៅកម្ពុជា ព្រមជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតតួនាទីរបស់កម្ពុជា ឱ្យកាន់តែខ្ពស់លើឆាកពាណិជ្ជកម្មតំបន់ និងសកល៕