(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រជុំបូកសរុបរបាយការណ៍ប្រចាំ អាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។
សូមរំលឹកថា នៅដើមអាណត្តិនីមួយៗ រាជរដ្ឋាភិបាល តែងបានបង្កើត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត សំដៅគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដឹកនាំប្រទេស គណបក្សប្រជាជនកម្ពុជា បានដាក់មន្ត្រីចុះជួយមូលដ្ឋានតាំងពីឆ្នាំ១៩៨២ ដើម្បីផ្សារភ្ជាប់ភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋាន។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបញ្ជូនមន្ត្រីចុះទៅមូលដ្ឋានមិនមែនជារឿងថ្មីថ្មោងនោះឡើយ សម្រាប់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមការងារថ្នាក់ជាតិ មិនបានធ្វើឱ្យបាត់បង់ការទទួលខុសត្រូវរបស់មន្ត្រីមូលដ្ឋាននោះឡើយ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកែច្បាប់ស្តីពីការបោះឆ្នោត មិនត្រឹមតែជាការកែទម្រង់សម្រាប់អ្នកឈរឱ្យគេបោះឆ្នោតប៉ុណ្ណោះ តែក៏ជាវិធានការការពារនៃដំណើរការបោះឆ្នោតទាំងមូល កុំឱ្យជនណាមួយបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គុក គេធ្វើសម្រាប់ដាក់មនុស្សខូច។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាព «ភ្លើ» របស់មេក្រុមប្រឆាំង ជាឱកាសសម្រាប់បក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យលើការគ្រប់គ្រងប្រទេស។
*សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណមេក្រុមប្រឆាំង ដែលសម្តេចហៅថា «អាល្ងង់» នាំគ្នារត់ទៅក្រៅប្រទេសអស់នៅឆ្នាំ២០១៧ និង២០១៨។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកជំនាន់ក្រោយរបស់បក្សប្រជាជនកម្ពុជា មិនលើកលែងទោសឱ្យក្រុមប្រឆាំងក្រៅប្រទេសនោះឡើយ។
*សម្តេចតេជោ ហ៊ុន សែន បន្តចំអកឱ្យក្រុមប្រឆាំងថា មិនមានមនុស្សសម្រាប់បន្តវេន។
*សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីឱ្យបន្តចុះមូលដ្ឋានក្រោយការបោះឆ្នោត។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាណត្តិថ្មីរាជរដ្ឋាភិបាល ដាក់ចេញកម្មវិធីនយោបាយថ្មី គឺនយោបាយបច្ចកោណ មិនមែនចតុកោណទៀត។
*សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៤៖១២នាទី នារសៀលថ្ងៃដដែល។