ឧត្តមនាវីឯក Nikolay Yevmenov បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២២ខែមិថុនាថា នាវាចម្បាំងថ្មីរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាថ្នាក់ corvette ទាំងអស់ នឹងត្រូវបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Zircon។
យ៉ាងណាក៏ដោយ លោកមិនបានបង្ហាញពីចំនួនជាក់លាក់ទេថាតើ នាវាចម្បាំងទាំងអស់មានប៉ុន្មានគ្រឿង ដែលនឹងត្រូវបំពាក់ដោយមីស៊ីលប្រភេទនេះ។
លោកបានប្រាប់ភ្នាក់ RIA Novosti នៅខាងក្រៅពិព័រណ៍កាពារដែនទឹកអន្តរជាតិ (IMDS) ក្នុងទីក្រុង Kronstadt នៃប្រទេសរុស្ស៊ីថា “នាវាចម្បាំងដែលកំពុងសាងសង់ឬកំពុងដាក់ពង្រាយទាំងអស់ នឹងត្រូវបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Zircons។ លោកបន្ថែមថា នាវាថ្នាក់ Corvettes ក៏នឹងទទួលបានមីស៊ីលប្រភេទនេះផងដែរ”។មីស៊ីល Zircon ត្រូវបានដាក់ឲ្យធ្វើប្រតិបត្តិការកាលពីដើមឆ្នាំនេះ។ មីស៊ីលនេះ មានល្បឿនលឿនជាងកាំជ្រួចប្រឆាំងកប៉ាល់របស់រុស្ស៊ី ដែលអភិវឌ្ឍពីមុនៗ និងមីស៊ីលដែលប្រើដោយប្រទេសជាសមាជិកអង្គការណាតូទៅទៀត។
ត្រលប់ទៅឆ្នាំ២០១៩, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានកត់សម្គាល់នៅក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់សភាថា មីស៊ីល Zircon នឹងអាចបាញ់ដល់គោលដៅក្នុងរយៈចម្ងាយ ១០០០គីឡូម៉ែត្រ ហើយវាអាចហោះក្នុងលឿនជាងល្បឿនសំឡេងដល់ទៅ៩ដងឯណោះ ពោលគឺវាលឿនជាងមីស៊ីល Tomahawk និង Harpoon ដែលប្រើដោយកងទ័ពជើងទឹកអាមេរិក ទៅទៀត៕