វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជានឹងមិនទាន់ងើបឡើងវិញទេ ខណៈស្ថានភាពអាចអូសបន្លាយបន្តរហូតដល់បំណាច់ឆ្នាំ ២០២៣។
កាលពីម្សិលមិញនេះ ក្រុមហ៊ុន CBRE Cambodia បានរៀបចំសិក្ខាសាលាបង្ហាញអំពីស្ថានភាពទីផ្សារអចលនទ្រព្យផ្តោតនៅរាជធានីភ្នំពេញប្រចាំឆមាសទី១ ឆ្នាំ២០២៣។អ្នកនាង ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃជាន់ខ្ពស់របស់ក្រុមហ៊ុន CBRE បានផ្តល់សម្ភាសន៍ដល់សារព័ត៌មានកម្ពុជាថ្មីថា វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាកំពុងជួបបញ្ហា ដោយសារគម្រោងអភិវឌ្ឍជាច្រើនមានការជាប់គាំងឬពន្យារពេលបញ្ចប់គម្រោង។
អ្នកនាងបញ្ជាក់ថា ក្នុងរយៈពេល ៦ ខែ នេះ វិស័យសំណង់បន្តរងផលប៉ះពាល់ ហើយចរន្តទិញលក់មានការធ្លាក់ចុះ ខណៈតម្រូវការក៏មានការថមថយ។ ជាក់ស្ដែងស្ថានភាពនេះនឹងបន្តរហូតដល់ចុងឆ្នាំ ២០២៣។
«លំនៅឋានទាំងបុរី និងខុនដូបន្តធ្លាក់ចុះ អ្វីយើងឃើញជាក់ស្តែងគឺអ្នកអភិវឌ្ឍមានការពន្យារពេលក្នុងការបញ្ចេញគម្រោងយូរជាងមុន និងទំហំអភិវឌ្ឍក៏តូចជាងមុន»។អ្នកនាងបន្តថា គម្រោងជាច្រើនមិនដំំណើរការដោយសារតម្រូវការមិនសមស្របទៅការផ្គត់ផ្គង់។ វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជារំពឹងលំហូរទុនវិនិយោគពីបរទេស។ កាលណាពីក្រៅប្រទេសមានបញ្ហា ក៏ប៉ះពាល់ដល់ការវិនិយោគក្នុងស្រុក។
ទាក់ទងគម្រោងអភិវឌ្ឍគម្រោងខុនដូ និងបុរីមួយណាប៉ះពាល់ជាង បើតាមអ្នកនាង ជិន ច័ន្ទដាលុច្ស គឺម្យ៉ាងម្នាក់។ យ៉ាងណាមិញបើអ្នកជំនាញរូបនេះមើលឃើញថា ខណៈស្ថានភាពវិស័យអចលនទ្រព្យកំពុងជួបវិបត្តិ អ្នកវិនិយោគចាប់ផ្តើមសិក្សាគម្រោងអភិវឌ្ឍរបស់ខ្លួនឡើងវិញដែលមានភាពច្បាស់លាស់ជាងមុន។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលក៏ពង្រឹងការគ្រប់គ្រងគម្រោងអភិវឌ្ឍនានាដើម្បីរក្សាស្ថេរភាពកុំឲ្យជួបគាំង។កាលពីម្សិលមិញនេះ ក្រុមហ៊ុន CBRE Cambodia បានរៀបចំសិក្ខាសាលាធ្វើបទបង្ហាញអំពីរបត់សេដ្ឋកិច្ចសំខាន់ៗ និងទិដ្ឋភាពទូទៅនៃដំណើរការទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញនៅពាក់កណ្ដាលឆ្នាំ២០២៣ ដែលរួមមាន ការិយាល័យពាណិជ្ជកម្ម ផ្សារលក់រាយ ខុនដូ អាផាតមិន បុរី និងសណ្ឋាគារ។ ក្នុងសិក្ខាសាលាពេញមួយព្រឹកនេះ មានការចូលរួមពីអ្នកអភិវឌ្ឍអចលនទ្រព្យ អ្នកវិនិយោគ គ្រឹះស្ថានហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធផ្សេងទៀតជាង ១០០ នាក់ដែលបានពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសសម្រាប់ទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា៕