រាជរដ្ឋាភិបាល បានដាក់ទុនជាច្រើន ក្នុងការពង្រីក និងពង្រឹងលើវិស័យសុខាភិបាល ដោយបានបង្កើតមន្ទីរពេទ្យថ្នាក់ជាតិធំៗ ចាប់ពីរាជធានី ក្រុង រហូតដល់ជនបទ។ ការវិនិយោគលើវិស័យសុខាភិបាលរីកចម្រើន បានធ្វើឱ្យមនុស្សកាន់តែមានអាយុវែងជាងមុន។ នេះជាការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ អ្នកផ្តួចផ្តើមគំនិតបង្កើត«មន្ទីរពេទ្យតេជោសែនកោះធំ»ដ៏ទំនើបនៅខេត្តកណ្តាល លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា តាមរយៈការប្រឹងប្រែងអភិវឌ្ឍវិស័យសុខាភិបាលរបស់រដ្ឋាភិបាល ធ្វើឱ្យសេចក្តីសង្ឃឹមរស់បានរបស់ប្រជាពលរដ្ឋ មានអាយុកាន់តែវែង បើគិតចាប់ពីឆ្នាំ ១៩៩៨ ពលរដ្ឋខ្មែរជាមធ្យមសង្ឃឹមរស់បាន ៥៦ឆ្នាំ, ឆ្នាំ ២០២២ ជាមធ្យមឡើងដល់ ៧០ឆ្នាំ ដូច្នេះមានការកើនឡើងចំនួន ១៤ឆ្នាំ។បើតាមលោក ស៊ុន ចាន់ថុល ការរស់រានមានជីវិតកាន់តែវែងនេះ កើតចេញពីការដាក់ទុនវិនិយោគរបស់រាជរដ្ឋាភិបាលលើវិស័យសុខាភិបាល បង្កើតបានជាមណ្ឌលសុខភាព មន្ទីរពេទ្យ គ្រូពេទ្យជំនាញ ទឹកស្អាតទទួលទាន មានអនាម័យ ម្ហូបអាហារល្អ មានផ្លូវស្ពានធ្វើដំណើរងាយស្រួល ដើម្បីឆាប់ទៅដល់មន្ទីរពេទ្យ ជាដើម។ជាក់ស្តែងមន្ទីរពេទ្យតេជោសែនកោះធំ ជាមន្ទីរពេទ្យទំនើបមួយក្នុងតំបន់ ដែលនឹងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្រាប់គ្រប់គ្រងសម្ភារ បរិក្ខារ ឱសថ និងទិន្នន័យព័ត៌មានរបស់អ្នកជំងឺ ដែលត្រូវបានសិក្សានិងអភិវឌ្ឍន៍ ដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈនៃក្រសួងសធារណការ។
មន្ទីរពេទ្យតេជោសែនកោះធំ នឹងក្លាយជាមន្ទីរពេទ្យផ្តល់សេវាសុខាភិបាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋជិត ៧០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស ខេត្តតាកែវ។ មន្ទីរពេទ្យនេះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅដើមខែសីហាខាងមុខ។
លើសពីនេះទៀត កាលពីដើមខែ មេសា រាជរដ្ឋាភិបាល បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ នៅខេត្តត្បូងឃ្មុំ ដែលមានអគារធំៗចំនួន២។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីនេះ ត្រូវបានសាងសង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកចាស់ និងមានការបំពាក់នូវសម្ភារបរិក្ខារពេទ្យទំនើបៗ ដែលជាអំណោយសម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រានី ហ៊ុនសែន ហើយដឹកនាំការសាងសង់ដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ក្រៅពីនេះ មានមន្ទីរពេទ្យថ្មីៗមួយចំនួនទៀត មានដូចជា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ, មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់កាលពីខែ មករា ឆ្នាំ ២០២៣ និងថ្មីៗនេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាដើម៕