(ភ្នំពេញ)៖ ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលអាណត្ដិថ្មី បានត្រៀមថវិកាចំនួន ១០០ លានដុល្លារ ដើម្បីជួយលើកកម្ពស់វិស័យកសិផលនៅក្នុងប្រទេសកម្ពុជា។
ថ្លែងនៅក្នុងជំនួបពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី រោងចក្រ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងមានកម្មវិធីជាក់លាក់ យើងបានត្រៀមថវិកា១០០លានដុល្លារអាម៉េរិក ដើម្បីអន្តរាគមន៍កសិផល ផលិតផលកសិកម្មដូចជាស្រូវ អង្ករ និងបន្លែផ្សេងៗ»។
ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិតបានអះអាងថា ការត្រៀមថវិកានេះដើម្បីជួយទប់នៃការធ្លាក់ថ្លៃកសិផលជូនប្រជាពលរដ្ឋ ហើយនៅពេលកសិផលទទួលបានល្អហើយ រាជរដ្ឋាភិបាលត្រូវរកទីផ្សារជូនពួកគាត់ដើម្បីទទួលបានចំណូល។
ឯកឧត្ដមមានប្រសាសន៍បន្ដថា នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងដាក់ពង្រាយមន្ត្រីកសិកម្ម នៅតាមគ្រប់ឃុំទូទាំងប្រទេស ដែលមានអាទិភាពលើវិស័យកសិកម្មផងដែរ។ «យើងត្រូវដាក់ពង្រាយនៅជនបទ ព្រោះថាប្រជាពលរដ្ឋគាត់មានតម្រូវការ គាត់ត្រូវការអ្នកជួយ អីចឹងបញ្ជូនមន្ត្រីកសិកម្មទៅនៅ ជាមួយគាត់តែម្តង»៕