(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភានៃកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា នីតិកាលទី៧។
បន្ទាប់ពីសម័យប្រជុំរដ្ឋសភាបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនីមួយៗចប់សព្វគ្រប់ហើយ គណៈកម្មការរដ្ឋសភាទាំង១០ បានរៀបចំបោះឆ្នោតផ្ទៃក្នុងតាមគណៈកម្មការនីមួយៗបន្តទៀត ក្នុងការជ្រើសតាំងលេខាធិការនៃគណៈកម្មការ។ ក្នុងនោះ គណៈកម្មការជំនាញរដ្ឋសភានីមួយៗដឹកនាំដោយប្រធានមួយរូប អនុប្រធានមួយរូប មានលេខាធិការគណៈកម្មការមួយរូប និងមានសមាជិកចំនួន៦រូប។
គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា មានដូចជា៖
- គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា
- គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម
- គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក
- គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ
- គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន
- គណៈកម្មការនីតិកម្ម និងយុត្តិធម៌
- គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍
- គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី
- គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- គណៈកម្មការអង្កេត បោសសំអាត និងប្រឆំាងអំពើពុករលួយ៕