លោកជំទាវ ភឿង សកុណា បានបម្រើជាតិកម្ពុជាក្នុងនាមជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់តាំងពីឆ្នាំ២០១៣ រហូតមកទល់បច្ចុប្បន្ន។ ក្នុងដំណើរដ៏វែងឆ្ងាយនេះ លោកជំទាវបានចូលរួមចំណែកដោះស្រាយបញ្ហារាប់រយជំពូកក្នុងដែនសមត្ថកិច្ច និងបាននាំយកកេរមរតកដែលបន្សល់ទុកពីព្រលឹងបុព្វបុរសខ្មែរដាក់បញ្ចូលជាសម្បត្តិមនុស្សជាតិថែមទៀតផង។
ក្នុងនោះ មរតកដូនតាខ្មែរចំនួន៦ ដែលបានចូលជាបេតិកភណ្ឌពិភពលោក ក្រោមការដឹកនាំ របស់លោកជំទាវ ភឿង សកុណា រួមមានដូចខាងក្រោម៖
១/. ល្បែងទាញព្រ័ត្រ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ តែកម្ពុជា ជាសមាជិកមួយក្នុងចំណោម៤ប្រទេស ដែលមានល្បែងស្រដៀងគ្នានេះរួមមាន កូរ៉េខាងត្បូង វៀតណាម និងហ្វីលីពីន។
២/. ចាប៉ីដងវែង (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ឧបករណ៍ភ្លេងបុរាណខ្មែរ១នេះ ស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបី ដែលត្រូវការសង្គ្រោះបន្ទាន់។
៣/. ប្រាសាទសំបូរព្រៃគុក (រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។ ការសម្រេចនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី ៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។
៤/. ល្ខោនខោល (អរូបី)៖ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុង ព័រល្វី សាធារណរដ្ឋម៉ូរីនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ ល្ខោនខោល ស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបី ដែលត្រូវការសង្គ្រោះបន្ទាន់។
៥/. គុនល្បុក្កតោ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០២២ នាសម័យប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលលើកទី១៧ នៅទីក្រុងរ៉ាបាត់ ព្រះរាជាណាចក្រម៉ារ៉ុក។
៦/. ប្រាសាទ កោះកែរ ឬ កោះកេរ្តិ៍៖ បុរាណស្ថាននៃអតីតរាជធានីលិង្គបុរី ឬឆោកគគ៌្យរនេះ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ នាទីក្រុងរីយ៉ាដ រាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត៕