លោកអភិបាលខេត្តបានអះអាងថា តំបន់សេដ្ចកិច្ចពិសេសក្រុងព្រះសីហនុ គឺជាក្បាលម៉ាស៊ីនបង្កើនសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគនៅកម្ពុជា ក៏ដូចជាសម្រាប់ខេត្តព្រះសីហនុ។
លោកបានលើកឡើងពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាលខេត្តព្រះសីហនុដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានធ្វើតំបន់មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរតំបន់សេដ្ឋកិច្ចពិសេសមានការអភិវឌ្ឍរីកចម្រើនក្នុងនាមអ្នកវិនិយោគឆក់យកឱកាសធ្វើការអភិវឌ្ឍឪ្យល្អលឿនបន្ថែមទៀត។
យ៉ាងណាមិញ លោក Liu Lianchi ក៏លើកឡើងពីបញ្ហាប្រឈមក្នុងនាមជាអ្នកវិនិយោគលើតម្លៃអគ្គិសនី ការដឹកជញ្ជូននៅតែខ្ពស់ ទន្ទឹមនោះក៏ជួបបញ្ហាតម្លៃទឹកស្អាតមានការឡើងថ្លៃ ដោយស្នើឲ្យអភិបាលជួយសម្របសម្រួល។
ឆ្លើយតបការលើកឡើងនេះ លោក ជា ចំរើន អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានលើកទឹកចិត្តដល់អ្នកវិនិយោគក្នុងការកាត់បន្ថយតម្លៃអគ្គិសនីសម្រាប់ក្រុមវិនិយោគ ហើយទឹកក៏មិនត្រូវតំឡើងថ្លៃខ្ពស់នោះដែរ។
រាជរដ្ឋាភិបាលអាណត្តិទី៧ គាំទ្រដល់អ្នកវិនិយោគ ដើម្បីចូលរួមចំណែកកសាងសេដ្ឋកិច្ចខេត្តក្រោយបញ្ចប់ពីវិបត្តិកូវីដ១៩។ លោកបន្តថា តំបន់សេដ្ឋកិច្ចពិសេសជាកម្លាំងចលករនៃការអភិវឌ្ឍសេដ្ឋកិច្ច និងជាក្បាលម៉ាស៊ីនសម្រាប់ជំរុញអ្នកវិនិយោគសម្រាប់ប្រទេសកម្ពុជាក៏ដូចជាខេត្តព្រះសីហនុ៕