(អាមេរិក)៖ ក្រុមសង្គ្រោះបានធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយនៅទីក្រុងឆ្នេរសមុទ្រ Fort Myers Beach រដ្ឋ Florida ដើម្បីស្វែងរកអ្នកនៅរស់ បន្ទាប់ពីព្យុះដ៏មានឥទ្ធិពល Ian បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១១០នាក់ស្លាប់រហូតមកដល់ពេលនេះនៅរដ្ឋ Florida និង ៤នាក់នៅរដ្ឋ North Carolina។
ក្រុមជួយសង្គ្រោះបាននឹងកំពុងរុករកក្នុងបំណែកថ្មបាក់បែក ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីព្យុះ Ian នៅទីក្រុងឆ្នេរសមុទ្រ Fort Myers Beach។ ក្រុមសង្គ្រោះនិយាយថា យើងកំពុងធ្វើការដើម្បីជួយប្រជាជនដែលបានជ្រើសរើសទីជម្រកនៅនឹងកន្លែង ហើយព្យាយាមតស៊ូជាមួយស្ថានភាពគ្មានទឹក និងអគ្គិសនីប្រើប្រាស់។ ព្យុះដ៏មានឥទ្ធិពល Ian បានធ្វើដំណើរចេញពីរដ្ឋ Florida ប៉ុន្តែប្រជាជន និងបុគ្គលិកសង្គ្រោះបន្ទាន់កំពុងវាយតម្លៃពីការខូចខាត និងស្វែងរកអ្នកដែលនៅតែជាប់នៅខាងក្នុងលំនៅឋានដែលលិចទឹក ឬត្រូវបានបំផ្លាញ។
ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទាំងដោយសារតែគ្រោះថ្នាក់ដែលបង្កឡើងដោយការបោសសម្អាត និងខណៈកំពុងស្វែងរក និងជួយសង្គ្រោះ។ ក្រុមមន្ត្រីបាននិយាយថា គិតត្រឹមថ្ងៃចន្ទ មនុស្សជាង ២,៣៥០នាក់ត្រូវបានជួយសង្គ្រោះនៅទូទាំងរដ្ឋ។ នៅភាគនិរតីនៃរដ្ឋ Florida រូបភាពពីលើអាកាសបានបង្ហាញពីទំហំនៃការបំផ្លិចបំផ្លាញដែលបន្សល់ទុកដោយព្យុះ Ian៕