ផ្សារទំនើបខ្នាតយក្ស១របស់ថៃ គឺ Makro បានបង្ហើបពីគោលបំណងដែលខ្លួនគ្រោងនឹងមកពង្រីកផ្សារទំនើបចំនួន ៣កន្លែងបន្ថែមទៀតនៅប្រទេសកម្ពុជា ក្រោយពីផ្សារទំនើបមួយនេះធ្លាប់បានបើកសាខាចំនួន ៣កន្លែងកន្លងមកហៅនៅទីផ្សារស្រុកខ្មែរ។ នេះបើយោងតាមការចុះផ្សាយដោយភ្នាក់ងារសារព័ត៌មានរបស់ថៃ The National Thailand។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា បច្ចុប្បន្ននេះផ្សារទំនើបខ្នាតយក្សម៉ាក្រូ មានសាខាចំនួន៣កន្លែងហើយនៅកម្ពុជា ដោយសាខាទី១ នៅក្នុងខេត្តសៀមរាប ចំណែកពីរសាខាទៀតគឺនៅរាជធានីភ្នំពេញ (នៅខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារ) ហើយនៅឆ្នាំ ២០២៦ ខាងមុខនេះ ផ្សារម៉ាក្រូនឹងបើក ៣ទីតាំងបន្ថែមទៀតនៅកម្ពុជា។អ្នកស្រី Saowaluck Thithapant ដែលត្រូវបានគេស្គាល់ថាជានាយកប្រតិបត្តិនៃក្រុមហ៊ុន Siam Makro បាននិយាយថា ការពង្រីកខ្លួននៅប្រទេសកម្ពុជា គឺបានបើកដំណើរកាលយ៉ាងរលូនល្អ ដោយសារទីតាំងនីមួយៗមានផ្លូវចូលងាយស្រួល ហើយសូម្បីតែការឌីហ្សាញក៏មានភាពទាក់ទាញ ព្រមទាំងមានសេវាកម្មយ៉ាងល្អដើម្បីបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់។
លើសពីនេះទៅទៀត ផ្សារទំនើបម៉ាក្រូក៏ផ្តោតលើការនាំយកអាហារស្រស់ៗពីសហគ្រាសតូចធំ និងមធ្យម របស់ថៃចំនួនជាង ៣០០ឱ្យចូលមកកម្ពុជា ខណៈម៉ាក្រូក៏បានជួយដល់ក្រុមហ៊ុនផលិតផលិត ផលកសិកម្មក្នុងស្រុក ហើយក្រុមហ៊ុនក៏បានផ្ដល់ការងារចំនួន ៩០%នៃកម្លាំងការងារ សរុបរបស់ខ្លួននៅកម្ពុជាដល់ពលរដ្ឋខ្មែរផងដែរ។សូមបញ្ជាក់ផងដែរថា ក្រៅពីពង្រីកខ្លួននៅកម្ពុជា ក្រុមហ៊ុន Siam Makro ក៏មានបំណងចង់ក្លាយជាក្រុមហ៊ុនឈានមុខគេ ក្នុងទីផ្សារលក់រាយក្នុងប្រទេសចំនួន៣ផ្សេងទៀតផងដែរ រួមមានប្រទេសមីយ៉ាន់ម៉ា ប្រទេសចិន និងប្រទេសឥណ្ឌា៕