Alynana Media Cambodia
Icon Collap
clinic narit

នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក ស្រី Liz Truss លាលែង​ពី​តំណែង បន្ទាប់​​ពី​មិនអាចគ្រប់គ្រងបញ្ហាទាំងអស់នេះបាន

Admin Alynana | Oct 21, 2022
នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក ស្រី Liz Truss លាលែង​ពី​តំណែង បន្ទាប់​​ពី​មិនអាចគ្រប់គ្រងបញ្ហាទាំងអស់នេះបាន
Clinic narith

នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) លាលែងពីតំណែង បន្ទាប់​​ពី​បានកាន់​តំណែង​រយៈ​ពេល៤៥​ថ្ងៃ​ ដោ​យ​សារ​តែ​មាន​ភាព​ចលាចល​ផ្នែក​នយោ​បាយ និង​សេដ្ឋ​កិច្ច ហើយ​គណបក្សអភិរក្សនិយម នឹងរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ក្នុងរយៈពេល៤ខែ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ។

លោកស្រី Liz Truss បាននិយាយថា អ្នកស្នងតំណែងលោកស្រីនឹងត្រូវជ្រើសរើស​នៅសប្តាហ៍​ក្រោយ បន្ទាប់​ពីមា​ន​ការ​បះ​បោរ​ដោយ​សមាជិកសភាមក​ពី​គណបក្ស​អភិរក្សនិយម ដែល​បង្ខំ​ឱ្យលោក​ស្រីលា​លែង​ពី​តំណែង។

លោក បូរីស ចនសុន (Boris Johnson) ស្ថិត​ក្នុង​ចំណោម​សមាជិក​សភា​​ដែល​​ទំនង​ជា​​នឹង​ពិចារណា​ក្នុងការឈរឈ្មោះបោះឆ្នោតដែរ។

សមាជិកសភាមក​ពី​គណបក្សអភិរក្សនិយម បានបះបោរប្រឆាំងនឹងលោកស្រី Liz Truss បន្ទាប់​ពី​លោក​ស្រីដា​ក់​ចេញ​នូ​វ​ផែនការសេដ្ឋកិច្ចដ៏ចម្រូងចម្រាស។

 

នៅក្នុងសុន្ទរកថាខ្លីមួយនៅ​ខាងក្រៅវិ​មាន​ដូនីង ស្រ្ទីត (Downing Street) លោក​ស្រី Liz Truss បាននិយាយថា គណបក្សអភិរក្សនិយម បានបោះឆ្នោតជ្រើសរើសលោកស្រី​ ដើម្បីកាត់​បន្ថយពន្ធ និង​ជំរុញកំណើនសេដ្ឋកិច្ច។

ទោះយ៉ាងណា លោកស្រីបាននិយាយថា៖ «ខ្ញុំទទួលស្គាល់ថា ខ្ញុំមិនអាចសម្រេចបាននូវអ្វីដែល​គណបក្សអភិរក្សនិយមចង់បានឡើយ»។

មេដឹកនាំគណបក្សការងារ​ លោក សឺ កឺស្តាមឺ (Sir Keir Starmer) និងគណបក្សប្រឆាំងផ្សេងទៀត បានអំពាវនាវឱ្យមានការបោះឆ្នោតសកលភ្លាមៗ បន្ទាប់ពីសុន្ទរកថាលាលែងពីតំណែងរបស់​លោកស្រី Liz Truss ។

លោកស្រី Liz Truss បាននិយាយថា លោកស្រីនឹងបន្តកាន់តំណែងរហូតដល់មានអ្នកស្នងតំណែងជាផ្លូវការ និងត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីដោយស្តេចឆាលស៍ (Charles)។

លោក ចេរ៉េមី ហាន់ត៍ (Jeremy Hunt) ដែលត្រូវបានតែងតាំងជាអធិការបតី កាលពីសប្តាហ៍​​មុន នឹងមិនឈរឈ្មោះក្នុងការបោះឆ្នោតឡើយ។ មិន​មាន​បេក្ខជន​ណាម្នា​ក់​ដែល​បានឈរ​ឈ្មោះប្រកួត​ប្រជែង​ជាមួយ​លោក​ស្រី Liz Truss កាលពីលើកមុន បង្ហាញសញ្ញាថាតើពួកគេនឹងឈរឈ្មោះបោះឆ្នោតឬយ៉ាងណានោះទេ។

ទោះយ៉ាងណា ប្រភពពី​គណបក្សអភិរក្សនិយម បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន BBC ថា លេខាធិការពាណិជ្ជកម្ម​ លោក ចេកុប រីម៉ក់ (Jacob Rees-Mogg) បានលើកទឹកចិត្តសហការីឱ្យគាំទ្រលោក បូរីស ចនសុន (Boris Johnson) ក្នុងការឈរឈ្មោះបោះឆ្នោត។

លោក សឺ ហ្រ្កាហាំប្រាឌី (Sir Graham Brady) ដែលជាប្រធានគណៈកម្មាធិការនៃសមាជិកសភាមកពីអភិរក្សនិយម បាននិយាយថា នាយករដ្ឋមន្រ្តីថ្មីអាចត្រូវបានជ្រើសរើសនៅថ្ងៃសុក្រសប្តាហ៍ក្រោយ។

យោងតាមច្បាប់ស្តីពីគណបក្សនយោបាយរបស់អង់គ្លេស បេក្ខភាពនាយករដ្ឋមន្រ្តីត្រូវទទួលបានសំឡេងគាំទ្រពីសមាជិកសភាចំនួន១០០រូប ដើម្បីអាចឈរឈ្មោះបោះឆ្នោតបាន ដែលមានន័យថា បេក្ខភាពនាយករដ្ឋមន្រ្តីយ៉ាងតិច៣រូបអាចឈរឈ្មោះបាន។

ការបោះឆ្នោតដំបូង នឹងត្រូវធ្វើឡើងក្នុងចំណោមសមាជិកសភា ហើយ​បេក្ខជន​ដែល​ទទួលបាន​សំឡេង​តិច​ជាង​គេ​ នឹ​ង​ត្រូវដកឈ្មោះចេញ​ពី​បេក្ខភាពប្រកួតប្រជែង ប្រសិនបើមានបេក្ខជន៣រូប។

 

គួរបញ្ជាក់ថា លោកស្រី Liz Truss គឺជា​នាយក​រដ្ឋមន្ត្រី​ដែល​កាន់​តំណែង​ខ្លី​បំផុត ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អង់គ្លេស ដែលឡើងកាន់តំណែងបាន​ត្រឹម ៤៥ថ្ងៃ៕