Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សមាជិក​ព្រឹទ្ធសភា​អាមេរិក​លោក Menendez ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ស៊ី​សំណូក និង​ពុករលួយ

Admin Alynana | Sep 26, 2023
សមាជិក​ព្រឹទ្ធសភា​អាមេរិក​លោក Menendez ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ស៊ី​សំណូក និង​ពុករលួយ
Clinic narith

វ៉ាស៊ីនតោន — សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ New Jersey លោក Bob Menendez និង​ភរិយា​របស់​លោក​គឺ​អ្នកស្រី Nadine ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ស៊ីសំណូក​ជាច្រើន​ករណី។ នេះ​បើ​យោង​តាម​ការចោទ​ប្រកាន់​ពី​បទ​ពុករលួយ​មួយ​ដែល​ត្រូវបាន​បើក​បង្ហាញ​កាលពី​ថ្ងៃសុក្រ ទី២២ ខែកញ្ញា កន្លង​ទៅ​នេះ។

ការចោទប្រកាន់​បាន​បង្ហាញ​ថាក្នុង​ការឆែកឆេរ​គេហដ្ឋាន​របស់​សមាជិក​ព្រឹទ្ធសភា​រូប​នេះ ត្រូវបាន​រកឃើញ​ដុំ​មាស​និង​ប្រាក់​សរុប​ជា​ទឹក​ប្រាក់​មាន​តម្លៃ​រាប់​សែន​ដុល្លារ​ ដែល​ទទួល​បាន​ដោយ​វិធី​មិន​ត្រឹមត្រូវ ដែល​ភាគច្រើន​ត្រូវ​បាន​លាក់​ក្នុង​សម្លៀក​បំពាក់ ក្នុង​ទូ និង​ក្នុង​ប្រអប់​ចាក់​សោរ។

រដ្ឋអាជ្ញា​បាន​អះអាង​ថាលោក Menendez បាន​ប្រើប្រាស់​អំណាច​មិន​ត្រឹមត្រូវ​ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការ​ទំនាក់​ទំនង​ការបរទេស​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ ដើម្បី​ផ្តល់​ជំនួយ​ដល់​ប្រទេស​អេហ្ស៊ីប។ ជាថ្នូរ​នឹង​ជំនួយ​នោះ រដ្ឋាភិបាល​ផ្តាច់ការ​ត្រូវ​បាន​ចោទ​ប្រកាន់​ថាបាន​បញ្ចូល​លុយ​ទៅក្នុង​អាជីវកម្ម​ផ្នែក​ត្រួតពិនិត្យ​សាច់​ហាឡាល​ដែល​គេ​ស្គាល់​តិចតួច​ដែល​ជា​កម្មសិទ្ធិ​របស់​មិត្ត​របស់​អ្នកស្រី Menendez ភរិយា​របស់​លោក Bob Menendez។

នៅ​ខែមេសា ឆ្នាំ២០២០ បន្ទាប់ពី​បាន​ជួប​ជាមួយ​តំណាង​អេហ្ស៊ីប​មួយ​រូប លោក Menendezបាន​ជំរុញ​ឱ្យ​អតីត​រដ្ឋមន្ត្រី​ការបរទេសអាមេរិក​លោក Mike Pompeo ចូលរួម​ពាក់ព័ន្ធ​បន្ថែមទៀត​នៅក្នុង​ការចរចា​រវាង​អេហ្ស៊ីប អេត្យូពី និង​ស៊ូដង់ ទាក់ទិន​នឹង​ការសាងសង់​ទំនប់Grand Ethiopian Renaissance Dam របស់​ប្រទេស​អេត្យូ​ពី​ដែល​ជា​ក្តីកង្វល់​ដ៏ធំ​សម្រាប់​អេហ្ស៊ីប ដែល​ការបារម្ភ​នោះ​គឺ​ការខ្លាច​មាន​ការបង្អាក់ដល់​ទឹក​ទន្លេ​នីល។

រដ្ឋអាជ្ញា​បាន​និយាយ​ថា លោកMenendez បាន​សរសេរ​សំបុត្រ​មិន​បង្ហាញ​ឈ្មោះ​មួយ​ច្បាប់​ទៅកាន់​សមាជិក​ព្រឹទ្ធសភា​ដើម្បី​លើក​ទឹកចិត្ត​ពួកគេ​ឱ្យ​ផ្តល់​ជំនួយ៣០០លាន​ដុល្លារ​ដល់​អេហ្ស៊ីប។ ប្រទេស​នៅតំបន់អាហ្រ្វិក​ខាងជើង​មួយ​នេះ មាន​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​យូរ​អង្វែង ហើយនឹង​ទទួល​បាន​ជំនួយ​ជាង១ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​ធ្វើឱ្យ​ប្រទេស​នេះ​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​ទទួល​បាន​ជំនួយ​ច្រើន​ជាងគេ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

សមាជិក​ព្រឹទ្ធសភា​រូបនេះ ក៏​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ផងដែរ​ពី​បទ​បញ្ជូន​ព័ត៌មាន​រសើប​ដល់​អ្នក​នយោបាយ​អេហ្ស៊ីប​ដោយ​គ្មាន​ការយល់ព្រម។

លោក Menendez បាន​សរសេរ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​តាម​អ៊ីមែល​ថារដ្ឋអា ជ្ញា​បាន​យល់ច្រលំ​រវាង​«ការងារ​ធម្មតា​របស់​ការិយាល័យ​សភា‍» ជាមួយ​កិច្ចព្រមព្រៀង​មិន​ល្អ។

លោក Menendez នឹង​ត្រូវ​លាលែង​ចេញ​ពី​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​ទំនាក់​ទំនង​ការបរទេស​ដែល​នឹង​ចូលជា​ធរមាន​ភ្លាមៗ នេះ​បើ​យោង​តាម​ក្រម​ប្រត្តិបត្តិ​របស់ ព្រឹទ្ធសភា។ ថា​តើ​មេដឹកនាំ​សំឡេង​ភាគច្រើន​នៃ​ព្រឹទ្ធសភា​លោកChuck Schumer នឹង​អំពាវនាវ​ឱ្យ​លោក Menendez លាចេញ​ពី​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​ទំនាក់​ទំនង​បរទេស​ឬ​ក៏​ថែមទាំង​អំពាវនាវ​ឱ្យ​លោក​លះបង់​អាសនៈ​ព្រឹទ្ធសភា​របស់​លោក​ទៀតនោះគឺ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ។

ដោយឡែក រដ្ឋអាជ្ញា​និយាយ​ថាលោក Menendez និង​ភរិយា​របស់​លោក​បាន​ទទួល​ប្រាក់​សំណូក​រាប់សែន​ដុល្លារ​ពី​ពាណិជ្ជករ​បី​នាក់។

លោក Menendez គឺជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដំបូងគេ​ដែល​កំពុង​កាន់​តំណែង​ត្រូវបាន​ចោទប្រកាន់​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន២​ដាច់​ដោយ​ឡែក​ពី​គ្នា នេះ​បើ​យោង​តាម​កំណត់ត្រា​ការិយាល័យ​ប្រវត្តិសាស្ត្រ​ព្រឹទ្ធសភា។

រឿង​អាស្រូវ​ពុករលួយ​ថ្មី​នេះ កើត​ឡើង៦ ឆ្នាំ បន្ទាប់ពី​ចៅក្រម​បាន​បោះបង់​ចោល​ការ ចោទ​ប្រកាន់​ថា សមាជិក​ព្រឹទ្ធសភា​រូប​នេះ បាន​ប្រើ​អំណាច​នយោបាយ​របស់​លោក​ដើម្បី​ជួយ​គ្រូពេទ្យ​ភ្នែក​ម្នាក់នៅ​រដ្ឋFlorida ដែល​បាន​ផ្តល់​អំណោយ​ជា​វត្ថុ​អនុស្សាវរីយ៍​និង​អំណោយ​សម្រាប់​យុទ្ធនាការឃោសនា​បោះឆ្នោត​របស់​លោក។លោក Menendez ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការអនុញ្ញាត​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ដែល​មាន​អំណាច​ខ្លាំងដោះ ស្រាយ​បញ្ហា​វិក្កយប័ត្រ Medicareដែល​លម្អៀង​មិត្តភ័ក្ត្ររបស់​វេជ្ជបណ្ឌិត​ម្នាក់​ក្នុង​ចំណោម​ការអនុគ្រោះ​ខុសច្បាប់​ផ្សេងៗទៀត។

លោក Menendez គឺជា​កូនប្រុស​របស់​ជនអន្តោប្រវេសន៍​គុយបា។ អាជីព​នយោបាយជិត៤០ឆ្នាំ​របស់​លោក​រួមមាន​រយៈ​ពេល៦ឆ្នាំ​ជា​អភិបាល​ក្រុង Union City នៃ​រដ្ឋ New Jerseyអាសនៈ​នៅ​ក្នុង​អង្គ​នីតិបញ្ញត្តិ​រដ្ឋ New Jersey និង​នៅក្នុង​សភា​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក១៤ឆ្នាំ។ ក្នុងឆ្នាំ២០០៦ លោក Menendez បាន​ទទួល​អសនៈ​ព្រឹទ្ធ សភា​បន្ត​ពី​លោក Jon Corzine នៅ​ពេល​ដែល​លោក Corzine បាន​លះបង់​អសនៈ​នោះ​ដើម្បី​លោក​ក្លាយជា​អភិបាលរដ្ឋ New Jersey៕