(ហ្សាការតា)៖ លោក Prabowo Subianto កាលពីយប់ថ្ងៃពុធ ទី១៤ ខែកុម្ភៈបានប្រកាសពីជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី បន្ទាប់ពីលទ្ធផលក្រៅផ្លូវការ បង្ហាញថាលោកនាំមុខដាច់លើគូប្រជែងរបស់លោកក្នុងការបោះឆ្នោតជុំទី១តែម្ដង ដោយមិនចាំបាច់មានការបោះឆ្នោតនៅជុំទី២នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
លោក Prabowo Subianto មានអាយុ ៧២ឆ្នាំ ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិ និងជាអតីតមេបញ្ជាការកុម្ម៉ង់ដូរពិសេសឥណ្ឌូណេស៊ីបានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតសកល ចំនួន ២ លើករួចមកហើយក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៩ តែចាញ់ទាំង២លើក។ បើតាមលទ្ធផលបោះឆ្នោតក្រៅផ្លូវការរាប់បាន៩៥ភាគរយ គិតត្រឹមកាលពីថ្ងៃពុធ លោក Prabowo និងដៃគូជាអនុប្រធានាធិបតីរបស់លោក គឺលោក Gibran Rakabuming Raka ជាកូនប្រុសរបស់ប្រធានាធិបតីចំាផ្ទះលោក Joko Widodo ទទួលបានសំឡេងគាំទ្រ ៥៨ភាគរយ ហើយ ដោយសារតែលោកទទួលបានសំឡេងគាំទ្រលើស ៥០ភាគរយ។ ដូច្នេះមានន័យថាមិនចាំបាច់មានការបោះឆ្នោតជុំទី២ ទៀតនោះទេ។
ចំណែក គូប្រជែងរបស់លោក គឺលោក Anies Baswedan ទទួលបានសំឡេងគាំទ្រ ២៥ភាគរយ និងលោក Ganjar Pranowo ទទួលបានសំឡេងគាំទ្រ១៧ភាគរយ។ ប៉ុន្តែ គេនៅត្រង់ រង់ចាំការចេញផ្សាយលទ្ធផលបោះឆ្នោតផ្លូវការ នៅថ្ងៃទី២០ ខែមីនាខាងមុខ ខណៈមានការរំពឹងជាច្រើនថានឹងលទ្ធផលបោះឆ្នោតនឹងមិនមានការប្រែប្រួលអ្វីគួរឱ្យកត់សម្គាល់ឡើយ។
គួរបញ្ជាក់ថា ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ីនឹងត្រូវស្បថ ចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី នៅខែតុលា ឆ្នាំ២០២៤៕