Alynana Media Cambodia
Icon Collap
clinic narit

គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបាន ថយចុះកំឡុងពេលមានជំងឺ កូវីដ ១៩

Sang Kim | Apr 28, 2020
គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបាន ថយចុះកំឡុងពេលមានជំងឺ កូវីដ ១៩
Clinic narith

ខណៈ​ដែល​ជំងឺ​កូវីដ​១៩ (COVID-19) ​កំពុងតែ​រាតត្បាត​នៅ​គ្រប់​ទ្វីប​សរុប​មាន​អ្នក​ឆ្លង​កូវីដ​នៅលើ​ពិភពលោក​ជិត​ ៣ ​លាន​នាក់​ ហើយ​អ្នកស្លាប់​កើនឡើង​ដល់​ជាង ២០ ​ម៉ឺន​នាក់ ​ហើយ​គិត​មក​ត្រឹម​ថ្ងៃទី​ ២៥ ខែ មេសា ​ឆ្នាំ​ ២០២០​។ បើតាម​ទីភ្នាក់ងារ BBC មាន​ប្រទេស​ជាច្រើន​ត្រូវបាន​បិទ ឬ​ក៏​មាន​បម្រាម​គោចរ​ការកំណត់​ពេលវេលា​មិន​ឲ្យ​ដើរហើរ ឬ​ក៏​ឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​ជាដើម​។

នៅក្នុង​កាលៈទេសៈ​នេះ​គឺ​អ្នក​បើកបរ​មាន​ការប្រុងប្រយ័ត្ន​ច្រើន​ជាង​មុន ហើយ​ដោយសារ​មាន​ការភ័យខ្លាច​ជំងឺ​កូវីដ​១៩​សូម្បីតែ​មាន​ការប៉ះពារ​គ្នា​បន្តិចបន្តួច គឺ​មាន​ការអធ្យាស្រ័យ​គ្នា​ហើយ​បើក​ទៅ​មុខ​ទៀត​។

ជា​លទ្ធផល​ឃើញ​ថា​ក្នុងអំឡុង​ពេល​ដែល​កូវីដ​១៩​ចាប់​ផ្តើមចេញ​ចម្លង​យ៉ាង​លឿន​តាំងពី​ដើម​ឆ្នាំ​មក គឺ​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល ៤ ខែ​ដំបូង​មាន​តែ​ជិត ១២ ​ម៉ឺន​នាក់​បើ​ធៀប​ក្នុង​ ១ ​ឆ្នាំៗ​មាន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ប្រមាណ​ជា ១,៣ ​លាន​នាក់​។

នេះ​បើតាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក​កាលពី​ថ្ងៃទី​ ១៤ ខែ​ មេសា ឆ្នាំ​ ២០២០​។ ជាមួយ​គ្នា​នោះដែរ​មាន​ការសិក្សា​ថ្មី​មួយ​ពី​សាកលវិទ្យាល័យ​កាលីហ្វ័រនីញ៉ា​ដាវីស​បាន​បង្ហាញថា ក្នុង​អំឡុង​ពេល​ការរាតត្បាត​ជំងឺ​កូវីដ​១៩ នេះ​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​បើកបរ​ឡាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ក៏​មាន​ការធ្លាក់ចុះ​ ៥០ ​ភាគរយ​ពី​ ៤០០ ​មក​ត្រឹមតែ ២០០ ​នាក់​ទេ នៅលើ​មហាវិថី​នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក​ហើយ​ទិន្នន័យ​នេះ​ហាក់បី​ដូចជា​ឆ្លើយតប​ទូទាំងប្រទេស​ដែល​មាន​ការធ្លាក់ចុះ​ដូចគ្នា​។

ប៉ុន្តែ​បើ​តាម​របាយការណ៍​ក្រសួងមហាផ្ទៃ​នៅក្នុង​រយៈពេល​ ៣ ​ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ ​នេះ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បាន​ថយចុះ ១៥០ លើក​ស្មើនឹង ១៤% គឺ​ចំនួន​អ្នកស្លាប់​ថយចុះ ២២០ នាក់ ស្មើនឹង ៤% និង​របួស​ថយចុះ​ ២៧៧ ​នាក់​ស្មើនឹង ១៧% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៩ កន្លង​មក​នេះ​។

រីឯ​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ធ្លាក់ចុះ​ ៣ ​ដង​ក្នុងពេល​ចូលឆ្នាំ​ចាប់ពី​ថ្ងៃទី​ ១២ ​ដល់​ថ្ងៃទី​ ១៦ ​មេសា​គឺ​បាន​ធ្វើឱ្យ​មនុស្ស​ស្លាប់​ចំនួន ២០ នាក់ និង​របួស​ចំនួន ១២០ នាក់​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​ពលរដ្ឋ​មាន​សេរីភាព​ក្នុង​ការធ្វើ​ដំណើរ​ដោយ​គ្មាន​ការហាមឃាត់​នោះ​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ ៥៩ នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន​ ២៣៨ ​នាក់​។

សំណួរ​សួរថា តើ​អ្នកបើកបរ​ទាំងឡាយ​បាននិង​កំពុង​រៀន​អ្វីខ្លះ​ពី​ការប្រុងប្រយ័ត្ន និង​វិធានការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​ នេះ ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​?

១-​ការកាត់បន្ថយ​ការ​ចេញ​មកក្រៅ ដោយសារ​ស្ថាប័ន​ខ្លះ​អនុញ្ញាត​ឲ្យ​ធ្វើការ​អន​ឡាញ​ពី​ផ្ទះ​មក​បាន​។ ហាង​លក់​ទំនិញ​តាមផ្លូវ​ក៏​ផ្អាក​ការលក់​ចូល​ផ្លូវ​ផងដែរ ខណៈ​ដែល​ប្រេងសាំង​ធ្លាក់​ថ្លៃ​ជាង​ ១ ០០០ ​រៀល​ ក្នុង​ ១ ​លីត្រ​។

២- ប៉ុស្តិ៍​កុងត្រូល​សមត្ថកិច្ច​ចម្រុះ​មាន​ច្រើន​តាម​ផ្លូវ​មាន​ការពិនិត្យ​មើល​រថយន្ត​ដឹកទំនិញ​ធំ​ហ្មត់ចត់​។

៣- រថយន្ត​ដឹក​មនុស្ស​ច្រើន​មិនបាន ដើម្បី​រក្សា​គម្លាត ខ្លាច​ប៉ូលិស​ផាក​។

៤- ការដឹក​កម្មករ​រោងចក្រ មាន​ប័ណ្ណ​អនុញ្ញាត​បញ្ជាក់​ត្រឹមត្រូវ​ចេញ​ដោយ​មន្ទីរ​ការងារ​។

៥- អ្វីដែល​អ្នកបើកបរ​មាន​អារម្មណ៍​ភ័យខ្លាច​ខ្លាំង​ជាងគេ​នោះ​គឺថា ប្រសិន​បើ​មាន​គ្រោះថ្នាក់​ចូល​សង្គ្រោះបន្ទាន់​ខ្លាច​ទៅជា​ជួប​អ្នក​មាន​ផ្ទុក​ជំងឺ​កូវីដ​ ១៩ ខ្លាច​ឆ្លង​មេរោគ ព្រោះ​កន្លងមក​មាន​ការភ្ញាក់ផ្អើល​នឹង​ជំងឺ​កូវីដ​ ១៩​ នេះ គ្រាន់តែ​ដឹងថា គេ​យក​អ្នកជំងឺ​កូវីដ​មក​សម្រាក​ពេទ្យ​ណាមួយ​ហើយ អ្នកជំងឺ​ឈឺ​ល្មម​សុំ​ជា​ចេញ​មុន​កាលកំណត់​។

៦- ឥឡូវ​ចូលដល់​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ដែល​ដំឡើង​ប្រាក់​ផាកពិន័យ​ដល់​ពី ៣ ទៅ​ ៤ ​ដង ចំពោះ​អ្នកបើកបរ​ល្មើសច្បាប់​ចាប់ពី​ថ្ងៃទី​ ១ ខែឧសភា​​ តទៅ ហើយ​កុំ​ឆ្លើយថា​អត់​ដឹង​ទៀត ច្បាប់​ត្រូវបាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​សារព័ត៌មាន​ផង​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផង​។

៧-​ម្យ៉ាងវិញទៀត​អ្នក​បើកបរ​ម៉ូតូ​វិញ​មាន​ជំនឿ​ថា បើកាលណា​ជិះ​ម៉ូតូ​ហើយ​ពាក់​មាស់​ផង ពាក់មួក​សុវត្ថិភាព​ផង​គឺអាច​ការពារ​មេរោគ​កូវីដ ១៩ ​បាន​ផងដែរ​។

នេះ​គឺ​ចំណុច​ល្អៗ​ដែល​មាន​ទំនាក់ទំនង​គ្នា​រវាង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការការពារ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ដែល​ពុំមាន​អ្នកស្លាប់​ទេ​មាន​អ្នក​ឆ្លង​តែ ១២២ ​នាក់​ នៅ​ទូទាំង​ប្រទេស​មាន​អ្នកជា​សះស្បើយ​ចំនួន ១១៩ ​នាក់​។ នេះ​បើ​តាម​របាយការណ៍​បច្ចុប្បន្នភាព​ជំងឺ​កូវីដ ​១៩ ប្រចាំថ្ងៃ​របស់​ក្រសួង​សុខាភិបាល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ២៧ ខែ មេសា ​ឆ្នាំ​ ២០២០​។

តែ​អ្វីដែល​សំខាន់​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ ឲ្យ​នៅ​ទ្រឹង​រយៈពេល​ ២ ​សប្តាហ៍​កន្លង​មក​នេះ​ពុំ​មាន​ករណី​ឆ្លង​ថ្មី និង​ពុំ​​មាន​ករណី​ឆ្លង​មេរោគ​បង្ក​ជា​ជំងឺ​កូវីដ​១៩​នៅក្នុង​សហគមន៍​នៅឡើយ​ទេ ហើយ​អ្នកបើកបរ​គ្រប់ៗ​រូប​គួរតែ​បន្ត​ចងចាំ និង​គិតពី​ការភ័យខ្លាច​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នេះ​។

តែ​ទោះបីជា​យ៉ាងណា សាលា​រាជធានី​ភ្នំពេញ​គួរតែ​បន្ត​ការរឹតត្បិត ការលក់ទំនិញ​នៅលើ​ចិញ្ចើមផ្លូវ​ដូច​ដែល​ធ្លាប់​​បាន​កំណត់​ការអនុវត្ត​តាំងពី​​ខែកក្កដា​ឆ្នាំ ២០១៩ ​មក​ម្ល៉េះ ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​តូចធំ​ឲ្យ​ខាង​តែ​បាន​។ ម្យ៉ាងវិញ​ទៀត​រាជរដ្ឋាភិបាល គួរតែ​បន្ត​ការរឹតបន្តឹង​ចំពោះ​អ្នកបើកបរ​បុក​គេ​បណ្តាល​ឲ្យ​ស្លាប់ និង​បើកបរ​ដោយ​ប្រើ​គ្រឿងញៀន និង​ប្រើប្រាស់​គ្រឿងស្រវឹង​ធ្ងន់ធ្ងរ​លើសពី​ច្បាប់​កំណត់​នោះ​៕

topic-8.-people-wear-face-masks-to-protect-coronavirus-covid19-on-the-way-in-meanchey-district-in-phnom-penh-on-march-17-2020-by-hong-menea-1