ក្រុមហ៊ុនដំឡើងរថយន្ត Toyota ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលមានទំហំទុនវិនិយោគជិត ៣៧ លានដុល្លារ គ្រោងនឹងដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជិត ២ ម៉ឺននាក់ នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣នេះថា នៅខែកក្កដា ខាងមុខនេះ រោងចក្រដំឡើងរថយន្ត Toyota នឹងសាងសង់រួចរាល់ ហើយអាចនឹងចាប់ផ្ដើមផលិតរថយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រកាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំមុន លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានទុនវិនិយោគ ៣៦,៧ លានដុល្លារ និងអាចបង្កើតការងារបាន ១៥០ នាក់ ដែលជាក្រុមហ៊ុនទី២ បន្ទាប់ពីក្រុមហ៊ុន Ford ដែលបានដាក់ឱ្យដំណើរការកាលពីខែមិថុនា ឆ្នាំមុន៕