អាមេរិក៖ រដ្ឋបាលលោក Trump បានបញ្ជាក់កាលពីថ្ងៃពុធថា ខ្លួនបានបញ្ជាឲ្យបញ្ជូនទិន្នន័យស្ដីពីអ្នកជំងឺវីរុសកូរ៉ូណា ដោយផ្ទាល់ទៅកាន់ក្រសួងសុខាភិបាល និងប្រជាសេវាជំនួសឲ្យការបញ្ជូនទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឬហៅកាត់ថា CDC។
ការផ្លាស់ប្ដូរទិសដៅនេះបានចោទជាសំណួរជាច្រើន អំពីភាពត្រឹមត្រូវនៃដំណើរការ។ ក្រុមអតីតមន្ត្រីសុខាភិបាលមួយចំនួនបារម្ភថា ការផ្លាស់ប្ដូរនេះអាចបណ្ដាលឱ្យមានទិន្នន័យដែលមិនមានតម្លាភាព ទោះបីជាពួកគេបានទទួលស្គាល់នៅក្នុងបទសម្ភាសន៍ថា ប្រព័ន្ធប្រមូលទិន្នន័យរបស់ CDC គឺហួសសម័យហើយ មិនឆ្លើយតបទៅនឹងការទាមទាររបស់ជំងឺរាតត្បាតសកល Covid-19។ អ្នកនាំពាក្យក្រសួងសុខាភិបាល និងប្រជាសេវា លោក ម៉ៃឃើល កាពូតូ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទៅកាន់ស្ថានីយទូរទស្សន៍ CNBC ថា “ប្រតិបត្តិការប្រមូលទិន្នន័យចាស់របស់ CDC ធ្លាប់ធ្វើការត្រួតពិនិត្យព័ត៌មាន មន្ទីរពេទ្យយ៉ាងត្រឹមត្រូវនៅទូទាំងប្រទេស ប៉ុន្តែមិនមានប្រព័ន្ធគ្រប់គ្រាន់ទេនៅបច្ចុប្បន្ននេះ”។ ក្រុមការងារពិសេសទទួលបន្ទុកផ្នែកវីរុសកូរ៉ូណារបស់ប្រធានាធិបតី បានជំរុញឱ្យមានការកែលម្អជាច្រើនខែមកហើយ ប៉ុន្តែពួកគេមិនអាចទប់ស្កាត់ការរីករាលដាល នៃជំងឺរាតត្បាតសកលនេះបានទេ៕